ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះធ្វើកិច្ចសន្យា ឲ្យម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង មិនឲ្យភ្ញៀវចតរថយន្តលើផ្លូវ

កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសាររាយការណ៍ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា សួស្តីបងជួយមើលសម្រួលផ្លូវ ២១០ ផង ចតឡានហៀរផ្លូវរាល់ថ្ងៃ ផ្ទះហ្នឹងគឺគាត់ជាជាងឡាន ឡានចូលបន្តរហូតឈប់ឡានតែមួយផ្លែតៗ មិនថាទេ តែឈប់ម្តង២ទៅ៣ម៉ោង ទម្រាំធ្វើហើយរកតែផ្លូវដើរមិនកើត ធ្វើនៅលើផ្លូវ ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារ ប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះស្រាវជ្រាវទីតាំងខាងលើ ។

ជាលទ្ធផល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដល់កន្លែងដែលប្រជាពលរដ្ឋ បានបានរាយការណ៍ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានម្ចាស់យានដ្ឋានជួសជុលរថយន្តឈ្មោះ លី មួយឆែ ភេទស្រី អាយុ៣៣ឆ្នាំ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកិច្ចសន្យា មិនឱ្យភ្ញៀវចតរថយន្តលើផ្លូវ២១០ បន្តទៀតឡើយ, មិនឱ្យធ្វើអ្វីប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:ឡើយ និងមិនត្រូវធ្វើអ្វីនាំឱ្យប៉ះពាល់ដល់សិទ្ធអ្នកដទៃ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕

មតិយោបល់