ព័ត៌មានជាតិ

អាសូរណាស់! ខំធ្វើការទាំងខ្លួនឈឺ សន្សំលុយទុកចូលឆ្នាំ មិនគួរបែបនេះសោះ

ភ្នំពេញ: កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ ធ្លាប់ពីសំណង់ផ្ទះល្វែងជាន់ទីមួយស្លាប់ ស្ថិតនៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មឹល ក្រមុំ អាយុជាង៥០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីបុរសជាប្តីជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ប្រពន្ធរបស់គាត់បានរអ៊ូថា វិលមុខមិនស្រួលខ្លួន ទើបគាត់ឃាត់ប្រពន្ធមិនឲ្យទៅធ្វើការ តែប្រពន្ធនិយាយថា ជិតចូលឆ្នាំហើយ បើមិនប្រឹងទេ មានលុយឯណាទៅស្រុក ធ្វើបុណ្យទាននឹងគេ។

លុះព្រឹកឡើងពួកគាត់ទាំងពីរនាក់ ក៏បន្តធ្វើការងារធម្មតា ដោយប្រពន្ធគាត់ បានឡើងទៅជាន់ទីមួយ ដើម្បីចងចម្រឹងបន្ទះក្តារចាក់ពុម្ពសសរ សង្ស័យវិលមុខ ស្រាប់តែធ្លាក់ផ្ងារក្រោយ មកក្រោមបោកផ្ទប់ដុំថ្ម បណ្តាលឲ្យបែកក្បាលសន្លប់ស្តូកស្តឹង។

ភ្លាមៗនោះ ក៏ត្រូវបងប្អូនកម្មកររួមការងារ ជួយលើកដឹកយកទៅពេទ្យ តែអកុសល ពេលទៅដល់មន្ទីរពេទ្យ ប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចគាត់ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយទទួលបានដំណឹងភ្លាម សត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ចុះធ្វើកោសល្យវិច័យ សន្និដ្ឋានថា ស្ត្រីខាងលើពិតជាស្លាប់ ដោយសារធ្លាក់ពីសំណង់ផ្ទះល្វែងជាន់ទីមួយមែន ទើបប្រគល់សពឲ្យក្រុមសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់