ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ថ្កោលទោសចំពោះការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅស្តារម៉ាត កាល់តិច កាលពីថ្ងៃម្សិលមិញ។ ក្នុងនោះដែរ សម្ដេចក៏បានដាក់បទបញ្ជាឲ្យធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីឲ្យសាធារណជនអស់ចិត្ត។
សម្ដេចក៏បានបញ្ជាក់ផងដែរ នេះជាឃាតកម្មលើកទី២ហើយ ដែលបានកើតឡើងយ៉ាងឃោរឃៅនៅកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីមានករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានអំពាវនាវ និងដាក់បទបញ្ជាឲ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់លើរឿងនេះ។
សម្ដេចតេជោបានមានប្រសាសន៍ ដោយបានសូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប រក្សាភាពស្ងប់ស្ងាត់ ដើម្បីឲ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីសម្ដេចតេជោបានបញ្ជាក់ថា “សំណួរត្រូវបានលើកឡើងថា តើការស្លាប់របស់លោក បណ្ឌិត កែម ឡី នេះ បានផលចំណេញទៅអ្នកណា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរក្សាសុខសន្តិភាព”។
សម្ដេចតេជោក៏បានលើកឡើងផងដែរថា សង្ឃឹមថា អ្នកនយោបាយ នឹងមិនយកករណីនេះ ដើម្បីកេងចំណេញខាងនយោបាយ ហើយឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល។ ហើយករណីកាលពីម្សិលមិញ គឺជារឿងមួយ សេះចេញពីក្រោល ទើបការពារ។ ហើយរឿងករណីឃាតកម្មនេះ ងាយណាស់នៅប្រទេសកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ។ តែខ្ញុំសូម កុំឲ្យរឿងនេះក្លាយទៅជារឿងនយោបាយ។សម្រាប់ សមត្ថកិច្ច ត្រូវប្រើប្រាស់ឲ្យអស់កម្លាំងកាយចិត្ត ដើម្បីកិច្ចការនេះ៕
មតិយោបល់