ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ចោលប្រពន្ធនិងកូន២នាក់

បន្ទាយមានជ័យ: អ្នកបើករថយន្តរបស់ក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់ បានបាត់បង់ជីវិត ខណ:ពេលបើកគុបភ្លើងបូមខ្យល់បាញ់អ៊ែររថយន្ត ត្រូវឆ្លងចរន្តអគ្គីសនីឆក់ ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនកិនថ្មភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ និន រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន ជាកម្មករបើកឡានដឹកថ្មឲ្យក្រុមហ៊ុនដឹកថ្មប៉ោយប៉ែត នៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដោះសំបុកអ៊ែរពីរថយន្ត យកមកដើម្បីបាញ់ធូលីដីក្នុងសំបុកអ៊ែររថយន្ត ពេលទៅបើកគុបភ្លើង ស្រាប់តែឆ្លងចរន្តឆក់ដួលនៅនឹងកន្លែង ស្លាប់ភ្លាមៗមួយរំពេចចោលប្រពន្ធ និងកូនតូចៗចំនួន២នាក់ ស្រីម្នាក់។

ក្រោយកើតហេតុកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយបុគ្គលិកមណ្ឌល លោកមេភូមិ ឆ្លងតាមការធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន រួចមកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់