ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បើកបុកពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង តាមផ្លូវសង្ស័យបើកបញ្ច្រាសទិសដៅចរាចរណ៍ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បុកចំហៀងខាងស្តាំ បណ្ដាលឲ្យបុរសរងគ្រោះ ដួលបោកនិងថ្នល់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ផ្លូវលេខ២១៤ កែងនិងផ្លូវលេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើកបរម៉ូតូ មួយគ្រឿងម៉ាក SUZUKI វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-7769 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវលេខ២១៤ សង្ស័យបញ្ច្រាសទិស ស្របពេលនោះក៏ស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បុកម៉ូតូដួលសង្កត់លើ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ដោយម៉ូតូរងការខូចខាតបន្តិចបន្ទួច ចំណែករថយន្តបង្ក មិនបានឈប់ទេ ព្យាយាមបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែង យកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំសាច់ញាតិមកយកនៅពេលក្រោយ។រីឯសព ពេលធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់