ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ លក់ផ្ទះបានលុយចំនួន ២៧ម៉ឺនដុល្លារ ក្រោយមកក៏ចែកកូនចៅ នៅសល់១៧ម៉ឺនដុល្លារទៀត គឺទុកសម្រាប់ចាយវាយពេលចាស់ជរា ដោយសារតែទុកចិត្តចំពោះកូនស្រីពៅ ក៏បានផ្ញើលុយចំនួន១៧ម៉ឺនដុល្លារនោះឲ្យទៅរក្សាទុក នៅក្នុងកុងធនាគារ តែបែរជាកូនស្រីពៅ យកលុយទៅទិញផ្ទះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងសម្ភារៈនិយមជាច្រើនទៀត ដោយមិនឲ្យអុំស្រីខាងលើដឹងឮ ព្រមទាំងពេលឈឺស្កាត់ ទៅយកលុយមកមើលជំងឺក៏មិនឲ្យទៀត ធ្វើឲ្យគាត់តូចចិត្ត ខណៈសូម្បីតែលុយប្ដឹងផ្ដល់ដើម្បីរកយុត្តិធម៌ក៏គ្មាន ទើបនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រូបគាត់និងកូនស្រីបង បានពឹងពាក់ក្រុមអ្នកសារ ព័ត៌មានឲ្យជួយផ្សាយ ដល់អាជ្ញាធរជំនាញ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ។
ស្ត្រីខាងលើមានឈ្មោះ ពៅ យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីបង នៅអាគារបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយរូបគាត់មានកូនស្រី២នាក់ ម្នាក់មានអាយុ៥១ឆ្នាំ និងម្នាក់ទៀតអាយុជាង៤០ឆ្នាំ។
យោងតាមសម្ដីស្ត្រីរងគ្រោះ បានរៀនរាប់ទាំងទឹកភ្នែកថា កាលពីជាង២ឆ្នាំមុន រូបគាត់ត្រូវបានកូនស្រីពៅល្បួងលក់ផ្ទះ នៅសង្កាត់ទូលស្វាយព្រៃ បានលុយ២៧ម៉ឺនដុល្លារ ហើយរូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣ម៉ឺនដុល្លារ និងទិញគ្រឿងអលង្ការ ឲ្យកូនចៅអស់ប្រហែល១ម៉ឺនដុល្លារ ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំ អស់លុយមួយចំនួនទៀត ហើយបានឲ្យកូនស្រីពៅចំនួន១៧ម៉ឺនដុល្លារ ដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅ ក៏បានសន្យាថានិងមើលថែរូបគាត់ផងដែរ។
ក្រោយមកកូនស្រីពៅនោះ មិនបានយកលុយទៅរក្សាទុកនោះទេ ក៏បានលួចយកទៅទិញផ្ទះ ដាក់ឈ្មោះខ្លួនឯង និងទិញឡាន ទិញម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ទុកឲ្យម្ដាយរស់ នៅផ្ទះតែម្នាក់ឯងទាំងមិនបានមើលថែទៀត ទើបធ្វើឲ្យអុំស្រីរស់នៅទាំងលំបាក ក៏រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះៗមកមើលជំងឺគាត់ តែបែរជាកូនស្រីពៅបោះសម្ដីមិនសម។ ទើបធ្វើឲ្យគាត់ និងកូនស្រីច្បង សម្រេចចិត្តនាំគ្នា ទៅរកដាក់ពាក្យបណ្ដឹង តែដោយសារគ្មានលុយ ទើបនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ពួកគាត់ បានពឹងពាក់ក្រុមអ្នកសារព័ត៌មានឲ្យជួយផ្សាយ ដល់អាជ្ញាធរជំនាញ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ។ ទោះបីមិនបានលុយទាំងអស់ត្រឡប់មកវិញ ក៏យកបានតិចតួច សម្រាប់មើលជំងឺគាត់ផងដែរ៕
មតិយោបល់