ព័ត៌មានជាតិ

ឃាតកម្មដ៍សាហាវ សម្លាប់កាត់ក្បាល ពីរនាក់ ស្លាប់យ៉ាងអាណោចអធ័មនៅខេត្តកំពង់ចាម

កំពង់ចាមៈ ឃាតកម្មដ៏សាហាវមួយបានកលតឡើង ដោយមិនទាន់ដឹងមូលហេតុអ្វី បានជាឃាតករ សម្លាប់កាត់ក្បាលជីដូន និងចៅស្រី យកក្បាលទៅបាត់ បន្សល់ទុកដងខ្លួនក្រោយផ្ទះចំងាយ៣៥០ម៉ែត្រ បង្កឲ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិ ទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈដែលបាត់ជនរងគ្រោះទាំង២នាក់តាំងពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពូ អូន អាយុ៥៦ឆ្នាំ ភេទស្រី ដែលត្រូវជាជីដូន ក្មេងស្រីម្នាក់ ឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ ទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភ្ញាក់ផ្អើលនេះផ្ដើមឡើងដោយសារកូនស្រីលោក យាយរងគ្រោះនៅពេលមកដល់ផ្ទះរក លោកយាយ និងក្មួយ មិនឃើញក៏ឆ្ងល់ និងចម្លែក ទើបប្ដឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរក ។

កម្លាំងសមត្ថកិច្ចតាមរកនៅជុំវិញផ្ទះ ចុង ក្រោយដើរតាមរកក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្របានប្រទះឃើញសពម្តាយបន្តបន្ទាប់ និងចៅត្រូវបានឃាតករកាត់ក្បាលបាត់ទាំងពីរនាក់ ។

សមត្ថកិច្ចបានហ៊ុព័ទ្ធកន្លែងកើតហេតុ និងបានរង់ចាំនគរបាលបច្ចេកទេសចុះ មកពិនិត្យសពតាមការសន្និដ្ឋានសពអាចត្រូវបានក្រុមឃាតករអូស យកទៅក្រោយផ្ទះ សម្លាប់តាំងពីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៣ ខែមេសា បាននាំគ្នាតាមរកក៏ប្រទះសពយាយ និងចៅនៅក្រោយផ្ទះ ។

ករណីសម្លាប់កាត់ក្បាលដ៏សាហាវខាងលើនេះ ជាអំពើឃាតកម្មសម្លាប់បំបិទមាត់រហូត មកដល់ល្ងាចថ្ងៃទី០៣ នេះទៅហើយក្បាលរបស់យាយ និងចៅស្រីនោះ មិនទាន់រកឃើញនៅឡើយទេ ៕

 

មតិយោបល់