ព័ត៌មានជាតិ

ផ្អើទាំងមេឃមិនទាន់ភ្លឺ! ក្រុមចោរចេញធ្វើសកម្មភាព វាយប្លន់ម៉ូតូយកទៅបាត់ នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ មួយគ្រឿងបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព នៅចំណុចមុខបុរីពិភពថ្មី ជិតរង្វង់មូលនាងបីគួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ជនរងគ្រោះ ជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅម្តុំជិតស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកឌ្រីមសង់ ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K-121។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១និង៤នាទី រំលងអធ្រាត្រថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូខ្លួន រួមដំណើរនិងមិត្តភក្តិ ជាមួយម៉ូតូ២គ្រឿងទៀត មានគ្នា៤នាក់ បានចេញពីការផឹកស៊ីនៅក្នុងបុរីពិភពថ្មីចម្ការដូង ក្នុងគោលបំណងជូនមិត្តភក្តិទៅកន្លែងដេក នៅចំណុចជិតកន្លែងកើតហេតុ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង។

មកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ZOOMER.X មិនចាំស្លាកលេខ មកពីក្រោយ ស្មានតែអ្នកដំណើរធម្មតា ស្រាប់តែមក ដល់កន្លែងកើតហេតុខាងលើ ក៏ដេញវាយនិងខ្សែក្រវ៉ាត់ គប់ដុំថ្ម ហើយរូបគាត់ ក៏យកដៃរងត្រូវមួយដុំថ្មរងរបួសចេញឈាម ហើយពេលនោះ គាត់ក៏ផ្តួលម៉ូតូ ចោលស្ទុះរត់ចេញយកតែរួចខ្លួនតែម្ដង។

ខណ:នោះ ជនសង្ស័យ បានឪកាស ក៏ចុះពីម៉ូតូរបស់ខ្លួន លើកយកម៉ូតូជនរងគ្រោះ ជិះចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ យុវជនរងគ្រោះ បានឲ្យមិត្តភ័ក្ត ដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ៕

មតិយោបល់