ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ មន្ត្រីកសិកម្មទាំងអស់ មិនធ្វើជាខ្នងបង្អែកឲ្យឈ្មួញ ឬ បក្សពួករបស់ខ្លួនឡើយ គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ យកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីថ្នាក់ក្រោម ផ្តល់កិត្តិយស ការងារសមដល់មន្ត្រី និងមិនត្រូវលាបពណ៌គ្នាឡើយ។ ការណែនាំដូចនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង និងបំពាក់មេដាយការងារជូនមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្ត កាលពីចុងសប្តាហ៍កន្លងនេះ។
រដ្ឋមន្រ្តីបញ្ជាក់ថា ការតែងតាំង និងផ្ទេរតំណែងជូនមន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តជាធម្មតានៃការគ្រប់គ្រង និងដឹកនាំ របស់ក្រសួងស្ថាប័នរបស់រដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ចទៅតាមដំណាក់កាលនីមួយៗ។
លោកថា ថ្នាក់ដឹកនាំល្អ ត្រូវប្រកាន់យកនូវគោលការណ៍គោរព និងភាពស្មោះត្រង់ មានគំនិតច្នៃប្រឌិត ហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុង ស្គាល់សុខទុក្ខមន្ត្រីថ្នាក់ក្រោម ផ្តល់យុត្តិធម៌ កិត្តិយស លើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត ប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំបុគ្គល ទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ និងមិនលាបពណ៌គ្នា។
ត្រូវចេះ សហការជាមួយមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងស្តាប់ការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់ប្រជាកសិករ ត្រូវចុះដល់មូលដ្ឋាន ជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈម ត្រៀមអន្តរាគមន៍ ផ្តល់សេវា សម្ភារៈកសិកម្ម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់រៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយដល់ប្រជាកសិករដែលជួបនឹងបញ្ហា៕
មតិយោបល់