ព័ត៌មានជាតិ

សូមជួយ Share! រកឃើញទៀតហើយ ត្រីងៀតបបែល មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax)

រតនគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំក្រុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅក្នុងផ្សារបានលុង ខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ម្ហូបអាហារ និងគ្រឿងសមុទ្រ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅក្នុងគំរូផលិតផល ត្រីងៀតបបែល មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៩.២៥ គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន ១៩.៧៥ គីឡូក្រាម បន្ទាប់មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់