ភ្នំពេញៈ នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ គណ:កម្មការត្រួតពិនិត្យសាលាបង្រៀនបើកបរយានយន្ត ដឹកនាំដោយលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាអនុប្រធានគណៈកម្មការ ព្រមទាំងលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកប្រធានការិយាល័យ និងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យសាលាបង្រៀនបើកបរយានយន្ត ចំនួន ៤ (សាលាបង្រៀនបើកបររថយន្ត អាស៊ាន, សាលាបង្រៀនបើកបររថយន្ត ៨ មីនា, សាលាបង្រៀនបើកបររថយន្ត ដៃចំណាន និងសាលាបង្រៀនបើកបររថយន្តដៃទំនើប) ដែលបានទទួលលិខិត អនុញ្ញាតធ្វើអាជីវកម្ម សាលាបង្រៀនបើកបរយានយន្ត ពីក្រសួងសាធារណការនិងដឹកជញ្ជូន។
តាមរយៈការចុះត្រួតពិនិត្យសាលាបង្រៀនបើកបរ ដោយយោងទៅតាមប្រកាសលេខ ៣៩៩ ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការបើកសាលាបង្រៀនបើកបរ មានសាលាបង្រៀនបើកបរចំនួន២ មិនបានអនុវត្តទៅតាមប្រកាសដែលបានចែង ដែលនឹងត្រូវប្រឈមនឹងការដកអាជ្ញាប័ណ្ណអាជីវកម្ម សាលាបង្រៀនបើកបរ។
បច្ចុប្បន្នសាលាបង្រៀនបើកបរ ដែលធ្វើអាជីវកម្មសរុបមានចំនួន ៣០ សាលា ដែលក្នុងនោះមានសាលាបង្រៀនបើកបររថយន្តធុនធ្ងន់មាន ១២ សាលា និងមានសាខាសាលាបង្រៀនបើកបររថយន្ត សរុប ១៨៤ សាខា នៅគ្រប់រាជធានីខេត្ត៕
មតិយោបល់