ភ្នំពេញ: នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្តរៀបចំបើកវគ្គបណ្ដុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជាលើកទី២ ជូនមន្រ្តីរាជការរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលមកពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក ពិត ចំណាន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡាផងដែរ។
លោករដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងនូវអំណរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹង និង ពង្រីកសមត្ថភាពមន្រ្តីរាជការរបស់ខ្លួនលើជំនាញសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស សម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ព្រមទាំងបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តការបណ្តុះបណ្តាលនេះ ដោយមានការចូលរួមគាំទ្រខាងថវិកាពីអង្គការ UNICEF ។
ចំណែកលោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សម្រាប់ពង្រឹង និង ជំរុញការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ឱ្យបានល្អប្រសើរ ទាន់ពេលវេលា មានប្រសិទ្ធភាព និង មានសង្គតិភាព អនុលោមទៅតាមគោលការណ៍ ច្បាប់ បទប្បញ្ញតិ និង វិធាននានាជាធរមាន សំដៅចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់វេលា ក្នុងគោលបំណងចែករំលែកចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍នៃការងារថវិកាកម្មវិធី ពិសេស គឺសំដៅលើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ សម្រាប់ចូលរួមអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ពិសេស ការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅក្នុងឆ្នាំ ២០១៦ នេះឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពគ្រប់ជ្រុងជ្រោយ និង ប្រកបដោយសីលធម៌វិជ្ជាជីវៈ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ដោយក្រសួងអប់រំ យុវជន និង កីឡា គឺជាក្រសួងអាទិភាពក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច ពិសេស ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាព និងទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះវគ្គបណ្តុះបណ្តាលនៅពេលនេះ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់រួមចំណែកសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រេចគោលដៅក្នុងការធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ និង ការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការផ្តល់សេវាអប់រំ ទាំងក្នុងប្រព័ន្ធក្រៅប្រព័ន្ធ និងមិនផ្លូវការ ការអភិវឌ្ឍឧត្តមសិក្សា និងការស្រាវជ្រាវ ការអភិវឌ្ឍជំនាញបច្ចេកទេសនិងជំនាញផ្នែកទន់សម្រាប់យុវជន និងការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អក្នុងវិស័យអប់រំទៀតផង៕
មតិយោបល់