ភ្នំពេញៈ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានធ្វើតេស្ដ និងបង្ហាញវត្ថុតាង គ្រឿងញៀនជិត២០គីឡូក្រាម នៅរសៀលថ្ងៃទី៤សីហានេះ ក្រោយបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំកាលពីពេលថ្មីៗ។ ទណ្ឌិតម្នាក់ និងជនសង្ស័យម្នាក់ ក៏ត្រូវបានបង្ហាញមុខជាសាធារណៈផងដែរ។
លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យដឹងថា គ្រឿងញៀនជាវត្ថុតាងមានចំនួនសរុប ១៨,១៧គីឡូក្រាម (១៨១៧៦,៤០ក្រាម) ក្នុងនោះរួមមាន ថ្នាំញៀនប្រភេទ WY ចំនួន៤៨៦៧,២៦ក្រាម ប្រភេទទឹកកក(Ice) ១២១១៣,២៧ក្រាម និងប្រភេទហេរ៉ូអ៊ីន៩៤៦,៨៩ក្រាម និងប្រភេទអេស្ដាស៊ី២៤៩,៩៨ក្រាម ដែលសមត្ថកិច្ចធ្វើការរឹបអូសបានកាលពីពេលកន្លងមក។
បើតាមលោក សាន សុទ្ធី ជនសង្ស័យដែលបង្ហាញមុខមានឈ្មោះ ហង្ស សុភាព ហៅ ឆៃ យ៉ាភុងភីសៃផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៣ ក្នុងបុរីពិភពថ្មី ផ្លូវលេខ៦ ក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯទណ្ឌិតម្នាក់ទៀត មានឈ្មោះ ប៉ាត់ ភី ភេទប្រុស កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ដែលចាប់ខ្លួនបានកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ហើយត្រូវតុលាការផ្ដន្ទាទោស២៥ឆ្នាំ។
ជនសង្ស័យឈ្មោះ ហង្ស សុភាព ហៅ ឆៃ យ៉ាភុងភីសៃផាន់ គឺកម្លាំងបើកការស្រាវជ្រាវចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦មកម៉្លេះ ដោយបានប្រើប្រាស់កម្លាំងជំនាញប្រើវិធីញុះញុងឲ្យជនសង្ស័យប្រព្រឹត្តបទល្មើស។ រហូតមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យត្រូវកម្លាំងរបស់បង្ក្រាបបាននៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតវត្ថុតាង ថ្នាំញៀនមួយចំនួន ទើបឈានដល់ការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យនៅចំណុចផ្ទះជួលលេខ៣ ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ដោយ រកឃើញថ្នាំញៀនចំនួន២០ដុំបន្ថែមទៀត និងស្លាកលេខរថយន្តចំនួន២បន្ទះផងដែរ ក្រៅពីនោះសមត្ថកិច្ចការិយាល័យ ក១ ក៍បានបង្ហាញវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាមផងដែរ នៅរសៀលថ្ងៃជាមួយគ្នានោះ បន្ទាប់ពីចាប់រឹបអូសនិងឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីពេលថ្មីៗ៕
https://youtu.be/Yg9kUPZS1c4
មតិយោបល់