ព័ត៌មានជាតិ

កូនឈើប្រណីត និងឈើហូបផ្លែ ជាង១ម៉ឺនដើម ត្រូវបានដាំក្នុងទិវារុក្ខាទិវា

បន្ទាយមានជ័យៈ កូនឈើប្រណីតចំនួន៣៥០០ដើម ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ រៀបចំពិធីដាំលើផ្ទៃដីជាង២ហិកតា ដើម្បីអបអរសាទរទិវារុក្ខាទិវា៩ កក្កដា ឆ្នាំ២០១៦នេះ។

ការប្រារឰទិវា និងដាំកូនឈើនេះ ធ្វើឡើង នៅក្នុងវីរអន្តរាគមន៍៥១៣ ស្ថិតនៅភូមិថ្មសិនសង្កាត់និមិត្តក្រងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក អ៊ី ឡុងតំណាងប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ សិស្ស លោកគ្រូអ្នកគ្រូ និងយោធា៥១៣រាប់រយនាក់។

លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បានលើកឡើង ពីប្រវត្តិនៃពិធី បុណ្យរុក្ខទិវា ជាទិវាបុណ្យជាតិដែលបង្កើតឡើងដោយស្នាគ្រហស្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយម និងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៨១៩៥២ ហើយទិវានេះផងដែរ តែងប្រារឰធ្វើជារៀងរាលឆ្នាំ។

សម្រាប់បុណ្យរុក្ខទិវាឆ្នាំងនេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះកូនឈើ ដែលត្រូវដាំមានចំនួន៣៥០០ដើម និងកូនឈើគ្រញូង បេង ធ្នង់ ប្រេងខ្យល់ កូនឈើហូបផ្លែចំនួន៧០០០ដើម ទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ។ តាមរយៈសកម្មភាពនេះ វាពិតជាបានឆ្លុះបញ្ចាំងពីចូលរួមយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូក្នុងការស្តារព្រៃឈើ ឡើងវិញដោយចូលរួមដាំដើមឈើឡើងវិញ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យលោក សួន បវរ អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រៃឈើបានតួនាទីសំខាន់ណាស់ ក្នុងការជួយថែ រក្សា ដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័ត កម្ម អាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិច ពីបរិយាកាស។

លោកបានបន្ដថា ការបាត់បង់ព្រៃឈើ ពិតជានាំមកនៅគ្រោះមហន្តរាយ យ៉ាងធំធេងដល់ភពផែនដីយើង ដូច ជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ រាំងស្ងួត ដូចដែល ខេត្តបន្ទាយមានជ័យបានជួបជាញឹកញាប់។ដូចនេះ ដើម្បីជំនួសមកវិញនៅព្រៃឈើដែលបានបាត់បង់សំណូមពរដល់បងប្អូន និងក្មួយៗទាំងអស់ត្រូវរួមគ្នាដាំដើមឈើឡើងវិញតាមដីចំការ តាមព្រំ ដី តាមភ្លឺស្រែ ដើម្បីធ្វើឲ្យបរិស្ថានមានភាពប្រសើរឡើងវិញ៕

មតិយោបល់