ព័ត៌មានជាតិ

រន្ទះបាញ់ ស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់-ស្រាល ចំណែកម្នាក់ទៀតស្លាប់ដោយលង់ទឹក នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅស្រុកមង្គលបូរី មានករណីស្លាប់ដោយសាររន្ទះបាញ់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់-ស្រាល ចំណែកក្មេងម្នាក់ទៀតបានលង់ទឹកស្លាប់ ។ ហេតុការណ៍រន្ទះបាញ់ ដែលបង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិសាយសាម៉ន ឃុំចំណោម ចំណែកករណីលង់ទឹកស្លាប់ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី មានមនុស្សចំនួន ៣នាក់ បាននាំគ្នាចេញទៅវាលស្រែ ដើម្បីរើសខ្យង នៅចំនុចបឹងត្រែងលាវត្រូវ និងនៅវាលស្រែខាងត្បូងបឹងអាគរ ចំងាយ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ស្របពេលនោះផ្ទៃមេឃ មានភ្លៀងធ្លាក់ស្រិចៗ លាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់បណ្តាលអោយក្មេងម្នាក់ បានស្លាប់ ចំណែក ២នាក់ទៀត រងរបួសធ្ងន់-ស្រាល និងមានក្មេងប្រុសម្នាក់ទៀតលង់ទឹកស្លាប់ នៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា ក្មេងរងគ្រោះដោយសាររន្ទះបាញ់ឈ្មោះ ភៀន សូរិយា ភេទស្រី អាយុ ១០ឆ្នាំ (ស្លាប់នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបូរី) និង២នាក់ទៀតឈ្មោះ ម៉ៅ សុឃីម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាយសាម៉ន ឃុំចំណោម(របួសស្រាល) និងម្នាក់ទៀតឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ(របួសធ្ងន់) ទាំង៣នាក់ នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកងម្គលបូរី ។

លោកបន្ថែមទៀតថានៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ដដែល វេលាម៉ោង២និង៣០នាទីរសៀល មានក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ ខណៈពេលសុំម្តាយទៅបេះផ្លែអំពិលទឹក ក្បែរស្រះខាងកើតផ្ទះចម្ងាយ៤២ម៉ែត្រ ហើយក៏រអិលជើងធ្លាក់ចូលទឹកស្រះដោយគ្មានអ្នកណាគេដឹង ។ ក្មេងរងគ្រោះឈ្មោះ ម៉ង់ ដាវីត ភេទប្រុស អាយុ០៥ឆ្នាំ ទីលំនៅភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នក្មេងដែលបានបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំណែកអ្នករងរបួសដោយរន្ទះបាញ់២ទៀតនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

 

មតិយោបល់