ព័ត៌មានជាតិ

ផ្ទះ២ខ្នងត្រូវអគ្គិភ័យលេបត្របាក់

សៀមរាបៈ ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងសាងសង់ពីឈើ និងផ្ទះសាសង់ពីថ្ម ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកមិញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុសេនីយ៍ឯក ពេជ្រ សា​មោ​ល នាយប៉ុស្តិ៍​នគរបាល​ សង្កាត់​សាលា​កំរើក​បាន​ឲ្យ​ដឹងថា​ ករណី​ខាងលើនេះ​ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​នៅផ្ទះ​ឈ្មោះ ​ម៉េង សៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​ដែល​មាន​មុខរបរ​ជាជាង​ជួសជុល​ទូរ​ទឹកកក​ និង​ម៉ាស៊ីនត្រជាក់ ជា​ផ្ទះ​តៀម​ធ្វើ​អំពី​ថ្ម ប្រក់​ស័ង្កសី មាន​ទំហំ ៤​គុណ​៦​ម៉ែត្រ​ ហើយ​បាន​បន្ត​ឆេះ​រាលដាល​ដល់​ផ្ទះ​មួយ​ខ្នង​ទៀត​ដែល​នៅក្បែ​រ នោះ​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ស័ង្កសី ​មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ​ ម្ចាស់ផ្ទះ​ ឈ្មោះ ចាន់ ថុ​ន ហៅ​យួន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ឆេះ​ឈើ​លើ​ទាំងស្រុង​។

លោក ​បាន​បន្តថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ ​ភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ និង​កម្លាំង​ការិយាល័យ​នគរបាល​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ និង​កម្លាំង​កងរាជអាវុធហត្ថ​ផង​ដែរ ​បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផងដែរ ​តែ​ដោយ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​មិនអាច​ចូល​ឡាន​ទៅដល់​ក្បែរ​នោះ​ ដើម្បី​ជួយ​ពន្លត់​ឲ្យ​បាន​ទាន់ពេល​ នៅ​ម៉ោង​៨​និង​៥០​នាទី​ ហើយ​ពុំ​បណ្ដាល​ឲ្យ​នរណាម្នាក់​រងគ្រោះ ​ក្នុងករណីនេះ​ទេ​។

លោក​បន្តថា​ ​ទំហំ​នៃ​ការ​ខូច​ខាង​កម្លាំង​សមត្ថកិច្ច​យើង​មិនទាន់​បានដឹង​នៅឡើយ​ទេ​ ការ​បាញ់ទឹក​ពន្លត់​នេះ ​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​ប្រើប្រាស់​ឡានទឹក​បាញ់​អស់​ចំនួន​០៤​ឡាន​៕


មតិយោបល់