ព័ត៌មានជាតិ

វិលត្រឡប់មកពីកម្មវិធីវិញ មិនស្រួលខ្លួន ដកចង្កាមាន់ស្លាប់បាត់

ភ្នំពេញ: យុវជនជាកម្មកររោងចក្រម្នាក់ ក្រោយពីទៅចូលរួមកម្មវិធី ២កន្លែងផ្សេងគ្នា ផឹកស៊ីរហូតមិនស្រួលខ្លួន ទើបវិលមកបន្ទប់ជួល មានអាការ:កាន់តែធ្ងន់ ថប់ស្ទះដង្ហើម ដកចង្កាមាន់ បញ្ឈរភ្នែក ក៏ស្លាប់ភ្លាមៗ ទោះជាមិត្តភក្ដិរួមការងារ ព្យាយាមយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏មិនអាចជួយបាន កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិចម្ការឳឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ អ៊ី សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស៊ីង យ៉ាវ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។

តាមការបំភ្លឺពីមិត្តភក្ដិរួមការងារ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៦ ខែមេសា ម្សិលមិញ ជនរងគ្រោះ រួមជាមួយរូបគេ វិលត្រឡប់មកពីកម្មវិធីជប់លៀង ក្នុងចក្រវិញ រួចនាំគ្នាទៅចួលរួម កម្មវិធីមួយទៀត កាត់ចំណងដៃមិត្តភក្ដិ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ផឹកស៊ី រាំច្រៀងលេងសប្បាយ ជាមួយមិត្តភក្ដិ រួមការងារប្រុសស្រី រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបចប់កម្មវិធី ចែកផ្លូវគ្នា រកកន្លែងសម្រាករៀងខ្លួន។ ដោយជនរងគ្រោះ ២នាក់រូបគេ និងមិត្តភក្ដិផ្សេងទៀត ក៏បានវិលមកបន្ទប់ជួល ក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ដល់បន្ទប់ ជនរងគ្រោះ កើតមានអាការ: ថប់ស្ទះដង្ហើម ដកចង្កាមាន់ បញ្ឈរភ្នែកតែម្តង ទើបនាំគ្នា ជួយគក់ច្របាច់ ដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ហើយ ទើបនាំគ្នា ដឹកយកសាកសពទៅតម្កល់ទុកនៅវត្ត តាំងកសាងខាងត្បូង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រហូតដល់ព្រឹកឡើងភ្លឺច្បាស់ ថ្ងៃទី០៧ ខែមេសានេះទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ។

សាកសពក្រោយពីសមត្ថកិច្ចពិនិត្យរួច ឃើញថាស្លាប់ដោយសារគាំងបេះដូង ហើយប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់