ព័ត៌មានជាតិ

ខំតែទុកចិត្ត តែចុងក្រោយ ត្រូវគេប្រើល្បិចបោកម៉ាឆ្ងាញ់ វិលមុខទាំងម្ចាស់ដើម និងថ្មី

ភ្នំពេញ: រថយន្តមួយគ្រឿង ត្រូវម្ចាស់ដើមប្រទះឃើញ នៅជាមួយម្ចាស់ថ្មី កំពុងតែបើកបរយ៉ាងសង្ហារ បានស្ទាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៨និង១០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅខាងជើងស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តខាងលើនេះ ម៉ាកលុចស៊ីសRX300 ពណ៌ស រីឯជនរងគ្រោះជាម្ចាស់ដើមរថយន្ត មានឈ្មោះ សុខ សារិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេង០២ ផ្លូវលំភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯជនឆបោករថយន្តឈ្មោះ ណុប ធានី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអតីតម្ចាស់ឃ្លាំងលក់រថយន្តយីហោណុបធានី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមការបកស្រាយរបស់ជនរងគ្រោះ ជាម្ចាស់ដើមប្រាប់ឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ គាត់ទិញរថយន្តខាងលើពីឃ្លាំងយីហោណុបធានី ជារបស់ជនឆបោកនោះក្នុងតម្លៃ១៧៦០០ដុល្លារ។ ពេលនោះជនឆបោកជាម្ចាស់ឃ្លាំង បានប្រាប់គាត់ថា ពេលណាដែលចង់លក់រថយន្តវិញ អាចទាក់ទងមករូបគេវិញបាន។ បន្ទាប់ពីទិញរថយន្តបានហើយជនរងគ្រោះ ក៏យករថយន្តទៅធ្វើស្លាកលេខ ហើយជិះរហូតមករយ:ពេល១ឆ្នាំ គាត់ក៏ចង់លក់វិញ ប៉ុន្តែមិនដឹងលក់នៅឯណាដាច់ រួចគាត់ក៏ទាក់ទងទៅជនឆបោក ដើម្បីឲ្យជួយលក់រថយន្តឲ្យ។

ជនរងគ្រោះបន្តថា លុះដល់ថ្ងៃទី២០ មីនា ឆ្នាំ២០១៩ ជនឆបោកខាងលើក៏ទូរស័ព្ទមករូបគាត់ ឲ្យយករថយន្តទៅលាងឲ្យស្អាត រួចមកជនឆបោកនោះ ក៏ប្រើឲ្យបុរសម្នាក់ទៀត ជាបក្ខពួកឈ្មោះ កុយ ខាង មកយករថយន្តពីរូបគាត់ ដោយប្រាប់ថា យកទៅប៉ូលាទើបលក់បានថ្លៃ រួចគាត់ក៏ព្រមប្រគល់រថយន្តឲ្យ។

រហូតដល់ថ្ងៃទី២៣ មីនា ជនឆបោកទូរស័ព្ទមករកគាត់ ដោយប្រើបុរសកុយខាងនោះ ឲ្យមកយកកាតគ្រីរថយន្ត និងអត្តសញ្ញាណប័ណ្ណហ្វូតូរបស់គាត់ ថែមទាំងប្រាប់ថា លុយលក់រថយន្តចំនួន១៨៤៥០ដុល្លារ រូបគេនឹងយកទៅប្រគល់ឲ្យ៤ទៅ៥ថ្ងៃទៀត។

ជនរងគ្រោះបន្តទៀតថា លុះដល់ថ្ងៃកំណត់ដែលជនឆបោក បានសន្យាប៉ុន្តែបែរជាមិនឃើញ ពេលនោះគាត់ទូរស័ព្ទទៅលេខជនឆបោកជាច្រើនដង តែមិនអាចទាក់ទងបាន។ បន្ទាប់មកគាត់ក៏ប្រញាប់ទៅផ្ទះរបស់ជនឆបោកនោះ ប៉ុន្តែជួបតែប្រពន្ធ ពេលដែលគាត់សួរនាំ ស្រាប់តែស្ត្រីជាប្រពន្ធនោះឆ្លើយថា ពួកគេទាំងពីរលែងលះគ្នាហើយ ទើបគាត់សម្រេចចិត្តទៅប្តឹង សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្ដងទៅ។

តាមប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុប្អូនប្រុសរបស់គាត់ម្នាក់ ប្រទះឃើញរថយន្តគាត់ ដែលមានបុរសម្នាក់ផ្សេងទៀត កំពុងបើកតាមបណ្ដោយហាណូយពីជើងទៅត្បូង ត្រង់ចំណុចកើតហេតុ ខណ:ពេលប្អូនប្រុសគាត់ កំពុងឈរលក់សាច់អាំងក្បែរនោះ ប្អូនប្រុសគាត់ ក៏ស្ទុះទៅស្ទាក់ឃាត់រថយន្តខាងលើតែម្តង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ជនឆបោកនេះ បានយករថយន្តពីជនរងគ្រោះ រួចលក់រថយន្តនោះ ទៅឲ្យបុរសម្នាក់ឈ្មោះ ផាត សារ៉ាត់អាយុ៣០ឆ្នាំ ជាអ្នកទិញលក់រថយន្ត និងធ្លាប់ស្គាល់រកស៊ី ជាមួយនឹងជនឆបោកនេះ ប៉ុន្តែមិនបានបញ្ជាក់ថា លក់ក្នុងតម្លៃប៉ុន្មាននោះទេ ហើយជនឆបោកនោះក៏គេចខ្លួនបាត់។

បន្ទាប់មកបុរសនោះក៏លក់រថយន្តនេះ បន្តទៅឲ្យបុរសម្នាក់ទៀត អាយុ៣៩ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ ដោយភ្ជាប់ជាមួយឯកសារកាតគ្រីរបស់រថយន្តត្រឹមត្រូវ ក្នុងតម្លៃ១៨៤៥០ដុល្លារ។ ខណ:ដែលបុរសចុងក្រោយ ដែលទិញរថយន្តនេះ ជិះទើបតែបាន៥ថ្ងៃ ក៏ត្រូវជនរងគ្រោះជាម្ចាស់ដើម ប្រទះឃើញរួចក៏ចាប់ឃាត់តែម្ដងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បាននាំរថយន្តខាងលើ រួមទាំងម្ចាស់ដើមនិងម្ចាស់ថ្មីទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការដោះស្រាយគ្នា៕

មតិយោបល់