ព័ត៌មានជាតិ

អធិការរង​ខណ្ឌ​ទួលគោក​ម្នាក់ ដក់​កាំភ្លើង អា​មេ បង្ក​ភាព​ភ្ញាក់ផ្អើល​ទាំង​យប់ ខណៈស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ឡិច​ស៊ី​ស RX 300 ទៅ​បុក​រថយន្ត​ហុងដា ស៊ី​វិច ឈប់​ចត​លើ​ចញ្ចើមផ្លូវ

​ភ្នំពេញ​-​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ​ទួលគោក ទទួល​បន្ទុប់​ផ្នែក​ព្រហ្មទណ្ឌ​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX 300 ពណ៌​ស មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​បាន​ទៅ​បុក​រថយន្ត​ហុងដា ស៊ី​វិច ពណ៌​ស មួយ​គ្រឿង​ដែល​ឈប់​ចត​លើ​ចញ្ចើមផ្លូវ​មុខផ្ទះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​រថយន្ត ហុងដា ស៊ី​វិច រង​កា​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ ឯល​រថយន្ត​ឡិច ស៊ី​ស របស់លោក​អធិការរង​ខណ្ឌ​ទួលគោក​រូបនោះ ក៏​រង​ការខូចខាត​ដែរ តែ​អ្វី​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ឈរ​មើល​នៅ​កន្លែងកើតហេតុ​ហួសចិត្ត​នោះ គឺ​គេ​ឃើញ​លោក​អធិការរង​រូប​នោះ​បាន​ចុះ​ពី​លើ​រថយន្ត​មិន​ព្រម​ធ្វើ​ការដោះស្រាយ​ទេ បែរ​ជា​ទូរស័ព្ទ​ហៅ មន្ត្រី​ប៉ូលីស​៣​នាក់ មក​ធ្វើ​ការដោះស្រាយ​ជាមួយ​ជនរងគ្រោះ ដោយ​ធ្វើ​ការដោះស្រាយ​មិនត្រូវ លោក​អធិការរង​រូប​នោះ​ក៏​បាន​ដើរ​ទៅ​ដក​យក​កាំភ្លើងខ្លី​ចេញពី​ក្នុង​រថយន្ត រួច​អា​មេ បង្ក​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ហេតុការណ៍​នោះ​រត់​ជាន់​ជើង​គ្នា​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​នឹង​១០​នាទី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​១៤៦ ទល់មុខ​ផ្ទះ​លេខ​៩៩ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក​។ ប្រភព​ពត៏មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា មុនពេល​កើតហេតុ​មាន រថយន្ត​ឡិច​ស៊ី​ស RX 300 ពណ៌​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-0203 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​លោក​អធិការរង​ខណ្ឌ​ទួលគោក ទទួល​បន្ទុប​ផ្នែក​ព្រហ្មទណ្ឌ បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​១៤៦ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ស្រាប់តែ​មក​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​ទៅ​រថយន្ត​ហុង ដា ស៊ី​វិច ពណ៌​ស មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2U-1857​ ដែល​ឈប់​ចត​លើ​ចញ្ចើមផ្លូវ​មុខផ្ទះ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលរថ​យន្ត ហុងដា ស៊ី​វិចរ​ង​ការខូចខាត​មួយ​កំណាត់​ខាងស្តាំ ឯល​រថយន្ត​លោក​អធិការរង​ខណ្ឌ​ទួលគោក​រូបនោះ ក៏​រង​ការខូចខាត​មួយ​ចំហៀង​ខាង​ឆ្វេង​ដែរ ។

​ក្រោយពេល​កើតហេតុ​លោក​អធិការរង​ខណ្ឌ​ទួលគោក​រូប​នោះ​មិន​ព្រម​ធ្វើការ​ដោះស្រាយ​ផ្ទាល់​ជាមួយ​ភាគី​រងគ្រោះ​ទេ បែរ​ជា​ទូរស័ព្ទ​ហៅ មន្ត្រី​ប៉ូលីស​៣​នាក់​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​រថយន្ត​រងគ្រោះ​ទៅ​វី​ញ តែ​នៅ​ពេល​មន្ត្រី​ប៉ូលីស​៣​នាក់​នោះ​ធ្វើ​ការដោះស្រាយ​គ្នា​មិនត្រូវ លោក​អធិការរង​ខណ្ឌ​ទួលគោក​រូបនោះ​បាន​ដើរ​ទៅ​ដក​យក​កាំភ្លើង​ខ្លី ចេញពី​ក្នុង​រថយន្ត​រួច​អា​មេ​បញ្ចូល​គ្រាប់ តែ​មិនដឹងថា​លោក អា​មេ​កាំភ្លើង​បញ្ចូល​គ្រាប់​ដើម្បី​ធ្វើ​អ្វី​ទេ បង្ក​អោយមាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ហេតុការណ៍​នោះ​រត់​ជាន់​ជើងគា្ន​ចូល​ផ្ទះ​អស់​ទៅ​។​ឃើញ​ដូច​នោះ​មន្ត្រី​ប៉ូលីស ៣​នាក់​ដែល​ចុះ​ទៅ​ធ្វើ​ការដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នោះ​បាន​រំដោះ​យក​លោក​អធិការរង​ខណ្ឌ​ទួលគោក​រូប​នោះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​ប៉ូលីស​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ទួល​គោក​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕​រហូតមកដល់​ពេលនេះ​យើង​មិន​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​អធិការរង​ខណ្ឌ​ទួលគោក​ទទួល​បន្ទុប​ផ្នែក​ព្រហ្មទណ្ឌ​រូបនេះ​បាន​នៅឡើយ​ទេ​ជុំវិញ​ករណី​​ហេតុការណ៍​ខាងលើនេះ​។​
Toul Kork

មតិយោបល់