កណ្ដាលៈ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៣០នាទី មានករណីអំពើលួច (ម៉ូតូ) ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ចុំ ជីនឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ឆន វណ្ណាក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក C125 ស៊េរី២០១៨ ពាក់ស្លាកលេខ កណ្តាល 1Z-6105 ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ទៅចូលរួមហូបការ និងជួបជុំមិត្តភក្តិនៅកន្លែងកើតហេតុ លុះពេលហូបរួច ជនរងគ្រោះបានដើរមករកម៉ូតូរបស់ខ្លួន នៅកន្លែងដែលផ្ញើ មិនឃើញក្នុងពេលនោះ ក៏ផ្អើលឆោឡោដើររក បន្ទាប់មកស្រាប់តែឮដំណឹង តាមរយៈកម្លាំងប្រជាការពារថា៖ បានឃើញជនសង្ស័យខាងលើ លួចបណ្តើរយក ម៉ូតូអូសចូលច្រកផ្លូវទៅផ្ទះរបស់ខ្លួន។
ភ្លាមនោះជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍កំពង់ហ្លួង។
ក្រោយមកកម្លាំងប៉ុស្តិ៍ បានចុះធ្វើស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ ប៉ុន្តែសួរនាំពុំកើត ដោយសារជាមនុស្សគ (ត្រូវរកអ្នកជំនាញភាសាគមកជាជំនួយ) ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់