ព័ត៌មានជាតិ

Update៖ មន្ត្រីយោធាម្នាក់ ដឹកប្រពន្ធចេញពីផ្សារ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង២នាក់ភ្លាមៗ

ភ្នំពេញ: មន្ត្រីយោធាមួយរូប បានជិះម៉ូតូដឹកប្រពន្ធត្រលប់មកពីទិញទំនិញ នៅផ្សារទំនើបអ៊ីអនទី២ ហើយក៏បានទាក់ដៃចង្កូត ជាមួយនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលចូលទៅក្រោមកង់រថយន្តស្ទូចធុនធំមួយគ្រឿង កិនស្លាប់ទាំងពីរនាក់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្ថានីយប្រេងឥន្ធន:កាលទិច ប្រមាណ២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងភូមិឧកញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះពីរនាក់ប្តីប្រពន្ធខាងលើ បើកបរម៉ូតូមួយគ្រឿង ម៉ាកភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2HH-0909 ទើបតែជិះដឹកគ្នាចេញមកពីទិញទំនិញ នៅផ្សារទំនើបអ៊ីអនទី២ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ១០០៣។
ដោយស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមឃ្លីច មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅស្របគ្នា។ មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូឃ្លីចខាងលើ បានព្យាយាមបើកវ៉ាជែងម៉ូតូរងគ្រោះ មិនប្រយ័ត្នក៏ទាក់ដៃចង្កូត ជាមួយនិងម៉ូតូរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះ ដួលហើយបើកបន្ថែមល្បឿនគេចខ្លួនបាត់ទៅ។ ខណ:នោះ ស្រាប់តែមានរថយន្តស្ទូចធុនធំមួយគ្រឿងម៉ាក KATO ពណ៌លឿងជាប្រភេទ៦ភ្លៅ ពាក់ស្លាកលេខ5A-0889 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយ។ ដោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅកិនស្ត្រីជាប្រពន្ធបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ និងកិនលើបុរសជាប្តីអូសជិត២០ម៉ែត្រ ជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអាធ័ម។

ភ្លាមៗនោះអ្នកបើកបររថយន្ត រួមទាំងព្រូក៏បាននាំគ្នា ចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការឆែកឆេរខាងក្រោមកែបម៉ូតូរបស់ជនរងគ្រោះ ដើម្បីរកអន្តសញ្ញាណ និងទាក់ទងទៅសាច់ញាតិ។

បន្ទាប់ពីឆែកឆេររួច សមត្ថកិច្ចបានរកឃើញកាបូបដៃចំនួនពីរ ដែលមានលុយចំនួន៥១២ដុល្លារ លុយខ្មែរចំនួន១០ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿង រួមទាំងអត្តសញ្ញាណប័ណ្ណរបស់បុរសជាប្តីមួយសន្លឹក និងកាតគ្រីម៉ូតូមួយសន្លឹក។

ជនរងគ្រោះជាប្តីមានឈ្មោះ ញ្ញាណ សៅវុទ្ធី អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅក្នុងបុរីពិភពថ្មីចម្ការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកឯស្ត្រីរងគ្រោះ ជាប្រពន្ធនៅមិនទាន់ អាចសូមការបញ្ជាក់ពីសាច់ញាតិ ក្រុមគ្រួសារនៅឡើយទេ។

បច្ចុប្បន្ន វត្ថុតាងម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯវត្តស្ទឹងមានជ័យ៕

មតិយោបល់