ព័ត៌មានជាតិ

បុរសឆ្កួតជ្រូកម្នាក់បានបើកបររថយន្តបុករះម៉ូតូ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកអេតចាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបម្នាក់អូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។ បន្ទាប់មករថយន្តខាងលើនោះមិនបានឈប់ស្ងៀមឡើយបានជ្រុលទៅមុខរេចង្កូតជ្រុលទៅបុកចូលក្នុងសាលាពិភពបញ្ញាអន្តរាជាតិ និងបុករះម៉ូតូចំនួន៣គ្រឿង ដែលជារបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលានោះ បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរថែមទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាពិភពបញ្ញាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ គាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខកណ្ដាល2A-3757 បើកបរដោយបុរសម្នាក់ឈ្មោះ សន ចន អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្ក បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងដោយមានដឹកអេតចាយពេញទ្រុងថែមទៀតផង ចំណែកម៉ូតូរងគ្រោះបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបពេញទំហឹង រួចបានអូសជាង៣០ម៉ែត្រ និងរេចង្កូតជ្រុលបន្តទៅបុកចូលសាលាពិភពបញ្ញាអន្តរជាតិ និងបុករះម៉ូតូចំនួន៣គ្រឿងទៀត ដែលជាម៉ូតូរបស់ លោកគ្រូអ្នកគ្រូបង្រៀននៅទីនោះ បណ្ដាលឲ្យខូចខ្ទេចខ្ទីរថែមទៀតទើបឈប់ស្ងៀម ហើយអ្នកបើកបររថយន្ត ប្រុងរត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាននិងប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់។

ប្រភពពីកន្លែងកើតហេតុបានអះអាងថា បុរសអ្នកបើកបររថយន្តបង្កនោះជាមនុស្សមានជម្ងឺឆ្កួតជ្រូក ហើយកន្លងមកតែងបានធ្វើការអុកឡុកនៅក្នងភោជនីយដ្ឋាន វាយបំផ្លាញឥវ៉ាន់គេខ្ទេចខ្ទីរ និងបើករថយន្តបង្កគ្រោះ ថ្នាក់ចរាចរជាញឹកញាប់ ព្រមទាំងសងគេជាបន្តបន្ទាប់រួចមកហើយ ពេលនេះសង្ស័យថាជម្ងឺរើឡើងពេល កំពុងបើកបរទើបបានជាបង្កគ្រោះថ្នាក់ចរាចរធំបែបនេះ។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ហើយបន្តបញ្ជូនទៅប៉ុស្តិ៍ដើម្បីចាត់ការនិងដោះស្រាយទៅតាមនីតិវិធីច្បាប់ផងដែរ៕

https://youtu.be/jQRkszNyHMc

មតិយោបល់