ព័ត៌មានជាតិ

ស្តុបកំពុងលឿង មិនបង្អង់ល្បឿន រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត នៅខណ្ឌទួលគោក

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន ខណៈភ្លើងសញ្ញាចរាចរណ៍ពណ៌លឿង មិនបង្អង់បែរជាប្រឹងបន្ថែមល្បឿន បើកឆ្លងតែមិនផុត ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ បុរសម្នាក់ បានបើកបររថយន្តកុងតឺន័រ មួយគ្រឿងម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខតាកែវ 3A-1860 ធ្វើដំណើរពីត្បូងទៅជើតាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនលឿន។ មកដល់ចំណុចស្តុបកើតហេតុ ភ្លើងសញ្ញាចរាចរណ៍ ក៏បានលោតទៅពណ៌លឿង ស្រាប់តែរថយន្តខាងលើ ក៏បានបន្ថែមល្បឿន បំណងបើកឆ្លងកាត់ស្តុបឲ្យផុត។

ខណៈទើបឆ្លងបានពាក់កណ្តាលផ្លូវ បែរជាភ្លើងសញ្ញាចរាចរណ៍ បានលោតទៅពណ៌ក្រហម។ ពេលនោះក៏មានរថយន្ត ១គ្រឿងទៀត ម៉ាកលុចស៊ីសGS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-8533 បើកកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ធ្វើដំណើរឆ្លងកាត់ស្តុប ចំពេលភ្លើងសញ្ញាអត្តភាព បណ្តាលឲ្យរថយន្តកុងតឺន័រខាងលើ បុកចំពីមុខរងការខូចខាតធ្លាក់កាង។ ចំណែកឯរថយន្តកុងតឺន័រ រងការខូចខាតបន្តិចបន្តួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏ប្រគល់ឲ្យសមត្ថកិច្ច ជំនាញធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់