ព័ត៌មានជាតិ

ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញ: នៅវេលាម៉ោង ០៩និង១៥នាទីយប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក ០២នាក់) ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ដើរឆក់យកកាបូបស្ពាយ) នៅចំណុចលើថ្មម៉ាបមាត់ទន្លេផ្លូវព្រះស៊ីសុវត្តិភូមិទី០៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉េត ណេត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានមាន៖
-កាបូបស្ពាយពណ៌ត្នោតមួយ
-លុយវៀតណាមចំនួន៤១០០០០ម៉ឺនដុង
-ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៧ ពណ៌ផ្កាឈូក
-ប័ណ្ណបើកបរមួយ និង Master Card ចំនួន ០៣ ។

ជនរងគ្រោះឈ្មោះ TALOR DODSWORTH ANN ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន លេខ 505831167 មុខរបរ ទេសចរណ៍ស្នាក់នៅផ្ទះ សំណាក់យីហោ១៩រីករាយ បន្ទប់លេខ១៣ ជាន់ទី៤ មានទីតាំងផ្ទះលេខ៥៩ ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះ បានទៅអង្គុយលេងលើថ្មម៉ាបមាត់ទន្លេ ដោយកាន់កាបូបស្ពាយពណ៌ត្នោត ដាក់លើភ្លៅខាងឆ្វេង ពេលនោះ ស្រាប់តែជនសង្ស័យ០២នាក់ ដើរមកក្បែរពីក្រោយជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ប៉េត ណេត ភេទប្រុស អាយុ ២៦ឆ្នាំ ក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីដៃ ជនរងគ្រោះបានសម្រេច រួចរត់គេចខ្លួន រំពេចនោះជនរងគ្រោះ ស្រែកឆោឡោដេញតាមជនសង្ស័យពីក្រោយ ភ្លាមៗនោះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារ កណ្តាលទី១ ដែលកំពុងល្បាតឃើញ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន រួមជាមួយវត្ថុតាងកាបូបស្ពាយ នាំមកទីស្នាក់ការប៉ុស្តិ៍ផ្សារកណ្តាលទី១ ធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងខណ្ឌ ប៉ុស្តិ៍ កំពុងប្រើវិធានការជំនាញស្រាវជ្រាវ រកបក្ខពួកដែលបានធ្វើសកម្មភាព ប្រព្រឹត្តិកន្លងមក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកកាបូបស្ពាយ រួមទាំងវត្ថុនៅក្នុងនោះ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

មតិយោបល់