កំពត-កែបៈ យោងតាមផេកអគ្គនាយកដ្ឋានកុងកាំត្រូលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារក្តាម។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ បង្គាក្រៀម មឹកក្រៀម បង្គាស្រស់ មឹកស្រស់ និងនំចំណីផ្សេងទៀត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចខាងក្រោម៖
– ទឹកក្រូច
– ទឹកដោះគោ
– ទឹកសូដា…។ល។
ក្រោយមកមន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅកម្ទេចចោលតាមនីតិវិធី ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់