ព័ត៌មានជាតិ

បុរសដែលទះកំផ្លៀងស្ត្រីម្នាក់ នៅផ្សារកណ្តាល ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនបានហើយ!

ភ្នំពេញៈ បុរសម្នាក់ដែលបានបង្កហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ ឱ្យដួលអុកគូទ នៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់ នាំយកមកផ្តន្ទាទោសតាមច្បាប់។

បន្ទាប់ពីកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថា ជារថយន្តរបស់ក្រុមហ៊ុនមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។

ជាក់ស្តែងនៅមុននេះបន្តិច ក្រុមហ៊ុនបានសហការណ៍ ជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបរ រថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់