ព័ត៌មានជាតិ

អុញនោះ! ជនជាតិវៀតណាមម្នាក់យកពូថៅគម្រាមនិងបង្កជម្លោះជាមួយមន្រ្តីគយប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ

ក្រចេះ: សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឃាត់ខ្លួនបណ្តោះអាសន្នជនជាតិវៀតណាមម្នាក់ បង្កជម្លោះជាមួយមន្រ្តីគយ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ ចិន មិញខាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ ឃុំស៊ុនថាញ់ ស្រុកស៊ុនឡុក ខេត្តដុងណាយ ប្រទេសវៀតណាម មុខរបរត់ម៉ូតូឌុបក្នុងតំបន់ព្រំដែន និងបានដឹកទំនិញ ក្នុងទិសដៅចេញពីប្រទេសកម្ពុជា លុះមកដល់បារ៉ាស់ត្រួតពិនិត្យ សាម៉ីខ្លួនបានបង្កជម្លោះ ជាមួយមន្រ្តីគយ ដែលប្រចាំការ ឈានដល់ទាញយកពូថៅគំរាម ឃើញករណីជាក់ស្តែង កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន រង់ចាំការដោះស្រាយបន្ត។
នៅវេលាម៉ោង ១និង០០នាទី ថ្ងៃខែឆ្នាំដដែល មន្រ្តីយោធាការពារព្រំដែនវៀតណាម៨០១ បានស្នើសុំធ្វើការសម្របសម្រួល។ យោងតាមការស្នើសុំពីភាគីមិត្ត ដោយមានការធ្វើលិខិតធានា និងឲ្យសាម៉ីខ្លួនធ្វើកិច្ចសន្យាទទួលកំហុស និងសុំការសុំអភ័យទោស កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានអនុញ្ញាតឲ្យសាម៉ីខ្លួន ត្រឡប់ទៅប្រទេសវៀតណាមវិញ៕

 

មតិយោបល់