ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុក រថយន្តតូយូតាព្រូសពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ នៅវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX2552 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើត បានជ្រុលបុករថយន្តតូយូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AV-8717 ពេញទំហឹងចំទ្វារខាងក្រោយ ផ្នែកខាងឆ្វេង បណ្ដាលរងរបួសធ្ងន់បាក់ជើងទាំងសងខាង និងបាក់ឆ្អឹងដៃជាប់ទ្វាររថយន្ត ភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់