កំពតៈ នៅថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០១និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និង រថយន្តបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល លើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក់ ហ្វីរឡាញនើរ (Freightliner) ពណ៌លឿង សណ្តោងរ៉ឺម៉ក់ក្រោយ ពាក់ផ្លាកលេខភ្នំពេញ ៣D ៥២១១ រ៉ឺម៉ក់ក្រោយ ពាក់ផ្លាកលេខ ព្រះស៊ីហនុ ៤A ១១៧៥ បើកបរដោយឈ្មោះ អ៊ឹម កុមារ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅស្រុកដំណាក់ចង្អើរ ខេត្តកែប មានទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ក ២៩៣៧ ភព៣ បើកបរដោយឈ្មោះ ជីវ មុន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំភូមិអន្លុងថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ទិសដៅបញ្ច្រាសគ្នា ដល់ចំណុចផ្លូវកោង ដោយបើកបរមានល្បឿនលឿន ជ្រុលចង្កូតទៅបុកប៉ះអូសពីចំហៀងខាងឆ្វេង កន្ទុយរ៉ឺម៉ក់ក្រោយរថយន្ត ហ្វីរឡាញនើរ បណ្តាលឲ្យខូចខាតធ្ងន់ ១កំណាត់មុខ (កាប៊ីនមុខ) ធ្លាក់ចេញពីចិញ្ចើមផ្លូវ ។ មានអ្នករួមដំណើរជាមួយឈ្មោះ ជាង ធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងឈ្មោះ ហ៊ុយ ធើយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយអ្នកបើកបររថយន្ត ។ អ្នករួមដំណើរទាំងពីរ រងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្ត ហ្វីរឡាញនើរ រត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅកន្លែងកើតហេតុ ។ ករណីនេះ បណ្តាលឲ្យអ្នកបើកបររថយន្ត ហ៊ីយិនដាយ រងរបួសបាក់ជើងខាងឆ្វេង អ្នករួមដំណើរពីរនាក់ទៀត រងរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ។
ចំណែកវត្ថុតាងរថយន្ត ហ្វីរឡាញនើរ (Freightliner) ខូចខាតស្រាល ,រថយន្ត ហ៊ីហិនដាយ ខូចខាតធ្ងន់ (ខូចកាប៊ឺនមុខ កម្រិតធ្ងន់) ។ ចពោះវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចជំនាញបានវាសវែង ធ្វើកំណត់ហេតុដកហូតយកមករក្សាទុក នៅអធិកាដ្ឋាននគរបាលស្រុកកំពង់ត្រាច ៕
មតិយោបល់