ព័ត៌មានជាតិ

ទូតថ្មីអូស្រ្តាលី ៖ អ្នកវិនិយោគអូស្រ្តាលីចាប់អាម្មណ៍ខ្លាំលើការនាំចូលពូជគោ

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា មានអ្នកវិនិយោគទុនមកពីប្រទេសអូស្រ្តាលលីបានចាប់អារម្មណ៍ខ្លាំង លើការនាំចូលពូជគោមកកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងពង្រីកទីផ្សារនៃការចិញ្ចឹមបង្កើនការនាំចេញទៅកាន់ទីផ្សារពិភពលោក។

លោកស្រី អេនជេលឡា ខកខឺរ៉ែន ទូតថ្មីបានលើកឡើងដូចនេះនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦ ខណៈត្រូវបានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ន រុក្ខាប្រមាញ់ និងនេសាទ។ ខណៈនោះក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជំរុញនិងសម្របសម្រួលបានល្អលើក្នុងគម្រោង CAVAC កន្លងមក ហើយរំពឹងថា គម្រោងថ្មីមួយទៀតនឹងដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ លោកស្រីមានជំនឿថា គម្រោងជំហានទី២ នឹងដំណើរការបានរលូន និងទទួលបានជោគជ័យបន្ថែមទៀត។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអូស្រ្តាលីមួយចំនួនបាននិងកំពុងចាប់អារម្មណ៍ខ្លាំងលើការនាំចូលពូជគោពីប្រទេសអូស្រ្តាលីមកកម្ពុជា ដើម្បីពង្រីកទីផ្សារនៃការចិញ្ចឹមក្នុងស្រុក និងឈានទៅបង្កើនការនាំចេញទៅកាន់ទីផ្សារពិភពលោក។ រដ្ឋាភិបាលអូស្រ្តាលីក៏មានគម្រោងនឹងរៀបចំវេទិកាព្រៃឈើថ្នាក់ខ្ពស់នាពេលខាងមុខ នៅឯប្រទេសប៊្រុយណេដែលនឹងអញ្ជើញភាគីកម្ពុជាចូលរួមផងដែរ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានស្វាគមន៍ចំពោះវត្តមានរបស់លោកស្រីជាឯកអគ្គរាជទូតដែលត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ចាត់បញ្ជូនឲ្យមកបំពេញបេសកកម្មការងារការទូតនៅព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលធ្លាប់បានជួយឧបត្ថម្ភគាំទ្រហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យកសិកម្ម តាមរយៈគម្រោងCAVAC។

លោករដ្ឋមន្រ្តីបានទទួលយកការអញ្ជើញ ហើយនឹងចាត់បញ្ជូនតំណាងក្រសួងឲ្យចូលរួមក្នុងវេទិកាព្រៃឈើ តាមការស្នើរបស់ភាគីអូស្រ្តាលី។ បន្ថែមពីនេះលោករដ្ឋមន្រ្តីក្រសួងកសិកម្មបានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី រៀបចំដំណើរទស្សនកិច្ចធុរកិច្ចកម្ពុជា ដើម្បីទៅសិក្សាស្វែងយល់ពីការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ដែលប្រមូលផ្តុំរវាងកសិករ និងក្រុមហ៊ុន ដោយមានការសម្របសម្រួលពីរដ្ឋាភិបាលទាំង២ (Contract Farming) និងគំរូនៃការរៀបចំដំណើរការនៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

មតិយោបល់