ភ្នំពេញៈ គួរឲ្យអាណោចអាធ័មខ្លាំងណាស់ បុរសម្នាក់ ត្រូវរថយន្តកាមរីហាយព្រីតមួយគ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្លោងបោកក្បាល ជាមួយនិងខឿនថ្ម ស្លាប់មួយរំពេច កាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ សួន សុភក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ នៅក្រសួងសាធារណៈការ ផ្នែកសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅផ្ទះលេខ ៣២០ ក្រុម៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3990 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏ឆ្លងផ្លួវលេខ៣៦០ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក កាមរីហាយព្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N.1988 បានបើកបរតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយក៏ជ្រុលបុកម៉ូតូ ជិះដោយបុរសម្នាក់ ផ្លោងទៅបោកក្បាលជាមួយខឿនថ្មលូទឹកស្អុយ បណ្តាលឲ្យស្លាប់មួយរំពេច។
ភ្លាមៗនោះ រថយន្តបង្កក៏បានឈប់មើលផងដែរ តែដោយសារអត់មានអ្នកចាំអារម្មណ៍ និងឃាត់ ធ្វើឲ្យរថយន្តខាងលើ បើករត់ទៅចតនៅផ្លូវ១៦៣ ជិតKTV XOចាស់ បម្រុងចុះរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៏ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយ ទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ និងរថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៏រាជធានីភ្នំពេញ។
សពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុ រួចក៏ ប្រគល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់