ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា ដោយចេតនា

បន្ទាយមានជ័យ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង ១៣នាទី នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សា។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សន សុភា ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ បានបំភ្លឺឲ្យដឹងថា ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៩ និង ០០នាទី ខ្លួននិងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាជិះម៉ូតូ ក្នុងគោលបំណងទៅញ៉ាំបង្អែម មកដល់ចំណុចកើតហេតុ បានឃើញម៉ូតូ ០២គ្រឿង មានគ្នាប្រមាណ ០៣នាក់ ជិះសំដៅមករកពួកខ្លួន ពេលជិះមកដល់ ក៏ដកកាំបិតកាប់មកលើរូបខ្លួន(ជនរងគ្រោះ) ០១កាំបិត ត្រូវចំមួកសុវត្ថិភាព ពេលកាប់រួចជនសង្ស័យ ក៏បានជិះម៉ូតូគេចចេញបាត់ ពួកខ្លួនក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹង និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៣នាក់៖

១-ឈ្មោះ ហុច គឹមសេង ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ
២-ឈ្មោះ ផាត ជាវមិញ ភេទ ប្រុស អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ
៣-ឈ្មោះ ខន ឈិត ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងដកហូតវត្ថុតាងមាន ៖ ដាវកែឆ្នៃ ០១ដើម ប្រវែង ៧១ស.ម ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដាប់ទៅលើជនរងគ្រោះ ០១ដាវ ចំមួកសុវត្ថិភាពពិតប្រាកដមែន ព្រោះបក្ខពួកខ្លួន និងបក្ខពួកជនរងគ្រោះ មានទំនាស់ជាមួយគ្នា ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់