ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត អាមេរិក បញ្ជាក់ថា នឹងបន្តសហប្រតិបត្តិការ ជាមួយ កម្ពុជា លើគ្រប់វិស័យ

ភ្នំពេញ:ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១១ ឧសភា ២០១៦ នេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ឯកឧត្តម នឹងធ្វើការជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ក្នុងនោះមាន៖ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច វិនិយោគទុន ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ហើយនិងកិច្ចសហប្រតិបត្តិការ ផ្នែកយោធា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើង ពីការផ្លាស់ប្តូរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំ សំខាន់ៗនៃប្រទេសទាំងពីរ ពិសេស គឺទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០១៦ ហើយនិងទស្សនកិច្ចថ្មីៗនេះរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry មកកម្ពុជា ក៏ដូចជាទស្សនកិច្ចរបស់ លោកជំទាវទី១ Michelle Obama កាលពីឆ្នាំ២០១៥ ហើយនិងទស្សនកិច្ចរបស់ ឥស្សរជនអាមេរិក សំខាន់ៗមួយចំនួនទៀត ដែលបានរួមចំណែក ក្នុងការបង្កើនថែមទៀត នូវទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះការរួមវិភាគទាន ដោយផ្ទាល់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យយោធា ដោយឯកឧត្តម បានគូសបញ្ជាក់ថា មានលំហាត់យោធា រវាងកម្ពុជា-អាមេរិក តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ហើយនិងការគាំទ្ររបស់ អាមេរិក ចំពោះកម្មវិធីបោសសម្អាតមីន នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការរបស់ ប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង ការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធមនុស្ស។ លើផ្នែកកិច្ចសហប្រតិបត្តិការ ខាងវិនិយោគ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើង នូវក្រុមការងារមួយ ដើម្បីធ្វើការសិក្សា លើសេចក្តីព្រាង កិច្ចព្រមព្រៀងវិនិយោគទុនទ្វេភាគី រវាងកម្ពុជា និងអាមេរិក ដែលបានស្នើឡើង ដោយភាគីអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្ដូរយោបល់ លើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិមួយចំនួន ហើយឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានវាយតំលៃខ្ពស់ ចំពោះជំហរកម្ពុជា លើបញ្ហាឧបទ្វីបកូរ៉េ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះភាគីអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការ ដ៏ល្អលើផ្នែកវប្បធម៌ ពិសេស គឺចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានប្រគល់រូបចំលាក់ ចំនួន ០៥ ជូនមកកម្ពុជាវិញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានសំដែងនូវអំណរគុណ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញរបស់ កម្ពុជា ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្រ្គាម នៅឥណ្ឌូចិន៕

photo_2016-05-11_19-45-22 photo_2016-05-11_19-45-28

មតិយោបល់