ព័ត៌មានជាតិ

រថយន្ដសាំយ៉ុង បុកអ្នកថ្មើរជើងឆ្លងផ្លូវ ស្លាប់មួយរំពេច

បាត់ដំបង: កាលពីម៉ោង ៥ និង២០ នាទីល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកអ្នកថ្មើរជើង នៅលើផ្លូវជាតិលេខ៥៩អា ត្រង់ចំណុចក្រុមទី៥ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

រថយន្ដម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5721 អ្នកបើកបរមិនស្គាល់អត្តសញាណ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានទៅបុកអ្នកថ្មើរជើងឈ្មោះកែវ ឆេង ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលដើរកាត់ទទឹងផ្លូវ មានទីលំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន បណ្ដាលឲ្យស្លាប់មួយរំពេច។

ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែករថយន្ដ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង យកមករក្សាទុក នៅកន្លែងអធិការដ្ឋាននគរបាលស្រុក ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់