ព័ត៌មានជាតិ

ឃាត់ខ្លួនបានម្នាក់ទៅសួនាំស្រាប់តែមានរថយន្ត២គ្រឿងកាក់ផ្លូវមិនឲ្យយកមនុស្សទៅសាកសួរឃាត់៥នាក់ទៀត

កំពង់ចាមៈ លោក ហួត វុទ្ធី ព្រះរាជ អាជ្ញា អម សាលាដំបូង ខេត្ត កំពង់ ចាម បញ្ជា ឲ្យ សមត្ថកិច្ច វៃ ខ្នោះ មនុស្ស ៦នាក់ ពាក់ ព័ន្ធ ការ ដាក់ កុងត្រូល ជជុះស្ទាក់យានយន្តទារប្រាក់លើផ្លូវរបៀងក្នុងព្រៃចម្ការចូលតំបន់រមណីយដ្ឋានទឹកឆា ។

របាយការណ៍ ពី ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ ចាម បញ្ជាក់ ថា លោកអភិបាលខេត្តកំពង់ចាម កាលពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ក្រោយពីទទួល បានដំណឹងថា មានមនុស្សមួយក្រុមបានដាក់កុងត្រូលជជុះកំហែងយកប្រាក់ពីប្រជាពលរដ្ឋ ដោយល្មើសនឹង បទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម លោក គួច ចំរើន បានបញ្ជាឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យ។

នៅក្នុងការចុះត្រួតពិនិត្យនគរបាលខេត្តរួមជាមួយអធិការដ្ឋាននគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនបុរសឈ្មោះ កែវ ឌឿន អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការ
លើ ដើម្បីយកទៅធ្វើការសួរ ។

ប្រភព ព័ត៌មាន បានឲ្យដឹងថា ក្នុងពេលកងកម្លាំងនគរបាលបើករថយន្តដឹកឈ្មោះ កែវ ឌឿនចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន២គ្រឿងបានមកកាក់ផ្លូវរថយន្តនគរបាល ពីមុខ និងពីក្រោយមិនឲ្យទៅមុខបាន ហើយក្រុមនោះបានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចមិនឲ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរ។

ក្នុងស្ថានភាពដូចខាងលើលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានសម្រេចឲ្យនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀតរួមមាន ៖

១-ឈ្មោះ ស្រ៊ី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ។២-ឈ្មោះ ស្រ៊ី វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ។
៣-ឈ្មោះ ស្រ៊ី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ។ ៤-ឈ្មោះ ស្រ៊ីគឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ ។
៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ។
ជនទាំង៥នាក់នេះមានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយ បច្ចុប្បន្ន នេះ ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់