ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បើករថយន្ត Highlander មួយគ្រឿង ក្នុងស្ថានភាពស្រវឹង តិចៗ បានបត់ស្ដាំ ស្របពេលជាមួយរថយន្ត Mazda ស៊េរីទំនើបមួយគ្រឿងទៀត ជារបស់មន្ត្រីនគរបាលពាក់ផ្កាយពីរ ដែលបត់ស្ដាំស្របគ្នាដែរស្រាប់តែប៉ះគ្នា ធ្វើឲ្យកកិត ថ្នាំរថយន្តទាំងពីរបន្តិចបន្តួចប៉ុណ្ណោះ តែភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ផ្លូវ៥០ម៉ែត្រ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 2A-6427 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹង តិចៗ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្តបានបត់ស្ដាំហើយស្របពេលដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Mazda CX9 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-2789 បើកបរដោយស្ត្រីម្នាក់ជាភរិយា រួមដំណើរដោយបុរសជាប្ដីដែលគេស្គាល់ថាជាមន្ត្រីនគរបាលជាន់ខ្ពស់ ពាក់ផ្កាយពីរ បានធ្វើដំណើរស្របទិសគ្នា និងបានបត់ស្ដាំដូចគ្នា ស្រាប់តែប៉ះគ្នា បណ្ដាលឲ្យកកិតថ្នាំរថយន្តទាំងពីរគ្រឿង តែបន្តិចបន្តួចប៉ុណ្ណោះ ហើយភាគីទាំងសងខាង ក៏បានចុះមកធ្វើការដោះស្រាយគ្នា ដោយដំបូងឡើយភាគីខាងរថយន្តទំនើបបំណងគ្រាន់តែឲ្យភាគីរថយន្ត Highlander ទទួលខុសហើយសុំទោសគាត់ គាត់នឹងបញ្ចប់រឿង មិនចង់វែងឆ្ងាយ តែភាគីខាងរថយន្ត Highlander យល់ថាខ្លួនត្រូវ មិនព្រមសុំទោសទេ ហើយឈានដល់ទាស់សម្ដីគ្នាបន្តិចបន្តួចផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកសម្របសម្រួលដែរ ដោយភាគីខាង រថយន្ត ស៊េរីទំនើប ទាមទារ ឲ្យ សង៥០០ដុល្លារតែភាគីខាងរថយន្ត Highlander ព្រមសង់សំណង តែ៥០ដុលា្លរ ទេ ឬក៏សុំយករថយន្តទៅជួសជុលឲ្យឡើងវិញ ទើបការដោះស្រាយមិនត្រូវគ្នាក៏រាយការណ៍ប្រាប់សមត្ថកិច្ច
ជំនាញមកនៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង ។
ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌមានជ័យ បានចុះមកដល់ និងអោយភាគីទាំងសងខាង សម្របសម្រួល គ្នាមួយជំហានទៀត តែមិនត្រូវគ្នាទេ ហើយបានប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយបន្តពេលក្រោយ៕
មតិយោបល់