ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃ បើកវ៉ាជែងគ្នារួចក្រឡាប់ធ្លាក់មនុស្សជិះលើគោយន្តពេញផ្លូវ ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នាវេលាម៉ោង១៦និង៤០នាទី នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែត្រង់ចំណុចមុខផ្ទះឈ្មោះ សន គង់ ភេទ ប្រុសស្ថិតក្នុងភូមិបួរច្រេស ឃុំតាលោស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿងសណ្តោងរ៉ឺម៉កដឹកមនុស្ស៩នាក់ បើកបរដោយឈ្មោះ ថៃ ថេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់ចំណុចខាងលើ បានបើកវ៉ាជែងគោយន្តកន្ត្រៃម្ខាងទៀត បើកបរដោយឈ្មោះ រឿន រី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យគោយន្តខាងលើក្រឡាប់ធ្លាក់មនុស្សពេញផ្លូវ តែណាងល្អមានមនុស្សរងរបួសតែ៣នាក់ប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់អត្តសញ្ញាណ ទី១.ឈ្មោះ ថៃ ថេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន របួសធ្ងន់ ២.ឈ្មោះ ណឹប នី ភេទស្រី អាយុ២៣ឆ្នាំរស់នៅភូមិសំសាន្ត របួសស្រាល និងទី៣.ឈ្មោះ ថេង ហ៊ីង ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសំសាន្ត របួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះ បានបញ្ជួនទៅសង្គ្រោះ នៅមណ្ឌលសុខភាព រីឯគោយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលតាលោ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់