ព័ត៌មានជាតិ

រពឹសដៃផ្ទៃឆ្អែត! ឃើញចូលទិញគុយទាវមួយភ្លែត ចង់ឆក់កាបូបរត់ ត្រូវសមត្ថកិច្ចក្របួចជាប់ភ្លាមៗ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់កាបូបលុយ ពីនិស្សិតស្រីម្នាក់ដែលបានចតរថយន្ត ចុះដើរទៅទិញគុយទាវ បានស្រែកឆោឡោឡើង ធ្វើឲ្យមានភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចដេញតាមចាប់ខ្លួនបានភ្លាមៗ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅមុខហាងគុយទាវមួយកន្លែង ផ្ទះលេខ៦០ ផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ សុក ខា អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ និស្សិតស្រីរងគ្រោះមានឈ្មោះ ប៊ុន ជឺន អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ២៧៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមសម្ដីជនរងគ្រោះ មុនពេលកើតហេតុ ខណ:ពេលដែលនាងឈប់រថយន្តដើម្បីទិញគុយទាវ ហើយទុកកាបូបលុយនៅលើតុនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ១A-២៨១៨ មួយគ្រឿងមកដល់ ហើយបានចតម៉ូតូ រួចដើរសំដៅទៅតុដែលនាងកំពុងអង្គុយចាំយកគុយទាវនោះ ក៏កញ្ឆក់យកកាបូបលុយពីនាងហើយ រត់ឡើងជិះម៉ូតូគេចខ្លួនតែម្តង​។ នាងក៏បានស្រែកឆោឡោឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងនគរបាលដែលកំពុងដើរល្បាតជួយជិះដេញចាប់បានភ្លាមៗ។

ក្រោយពេលកើតហេតុកាបូបលុយត្រូវបាន ប្រគល់ឲ្យនិស្សិតស្រីរងគ្រោះវិញ ចំណែកឯបុរសជាជនសង្ស័យ​ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

រពឹសដៃផ្ទៃឆ្អែត!

រពឹសដៃផ្ទៃឆ្អែត!

រពឹសដៃផ្ទៃឆ្អែត!

មតិយោបល់