ស្វាយរៀងៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវឆ្មាខាំរយៈពេលមួយសប្ដាហ៍ ស្ថិតនៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនរងគ្រោះឈ្មោះ ពៅ មល់ អាយុ៣២ ឆ្នាំ (ស្លាប់) និងប្រពន្ធឈ្មោះ ហែម ស៊ីនួន អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។
តាមការឲ្យដឹងពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ ២០១៩ ប្តីគាត់ បានទៅលេងផ្ទះម្ដាយ ហើយបានត្រូវសត្វឆ្មាមួយក្បាល ហក់មកខាំចំដៃ ពេលនោះក៏ម្ដាយ បងប្អូន បានប្រាប់ឲ្យជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីចាក់ថ្នាំ ប៉ុន្តែ ជនរងគ្រោះ មិនព្រមទៅជួបគ្រួពេទ្យទេ ដោយនិយាយថាវាមិនអីទេ។
លុះនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែប្ដីគាត់ មានអាការៈក្ដៅខ្លួនខ្លាំង ហើយថែមទាំងរវើរវាយទៀត ទើបនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គាត់ (ប្រពន្ធ) បានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលដោយសភាពជំងឺធ្ងន់ធ្ងរពេក ក៏ស្លាប់តែម្ដង។
ដោយឡែកករណីមួយទៀត គឺកើតទ្បើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩ ភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ក្មេងស្រីម្នាក់ ត្រូវបានសត្វឆ្មាខាំផងដែរ។
ជនរងគ្រោះមាន ឈ្មោះ សំ រស្មី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ប៉ុន្តែករណីខាងលើនេះ ត្រូវ បានឲ្យអាណាព្យាបាល យកទៅពេទ្យជាបន្ទាន់ ដើម្បីទប់ស្កាត់ និងចាក់ថ្នាំបង្ការ ដោយមិនបង្កឲ្យគ្រោះថ្នាក់នោះទេ៕
មតិយោបល់