សៀមរាបៈ គួរឲ្យសង្វេគណាស់ ប្រពន្ធទើបចេញពីសាលសម្រាលកូន បែរជាប្ដីឡើងដើមផ្កាលឿងរាជ ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ២០១៩ ក្បែរមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប តាមបណ្តោយផ្លូវស៊ីវត្ថា ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះថា លី ចាន់ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ហុក អេង ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិតានី ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា គាត់និងប្ដី បានធ្វើដំណើរពីប៉ោយប៉ែត ដើម្បីមកសម្រាលកូននៅមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាបនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩។
លុះល្ងាចថ្ងៃដដែល ប្តីគាត់បានចេញទៅក្រៅ បាត់ប្រហែល១ម៉ោង ទើបត្រឡប់មកវិញ ដោយគាត់ឃើញសភាពប្តីរបស់គាត់មានក្លិនស្រា តែគាត់មិនបាននិយាយអីទេ ហើយប្រាប់ប្តីថា «លោកគ្រូពេទ្យតម្រូវឲ្យខ្ញុំវះកាត់ ដើម្បីសម្រាលកូន អញ្ចឹងឯងកុំទៅណាចោលខ្ញុំ (ប្រពន្ធ)»។
រហូតមកដល់ព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៩ ប្តីគាត់បានមកហូបបាយ ជាមួយគាត់ធម្មតា រួចក៏ចេញទៅក្រៅ បាត់រហូត មិនដឹងទៅណា ដោយនៅពេលគាត់ចេញពីសម្រាលកូនរួច ខណៈនោះមាន សមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់ចង.កសម្លាប់ខ្លួន នៅលើដើមឈើ ក្បែរពេទ្យស្លាប់បាត់ហើយ ធ្វើឲ្យគាត់ស្លុតចិត្តពេក អង្គុយស្រែកយំឱបកូន។
តាមសមត្ថកិច្ច សួរនាំពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះធ្លាប់ ប្រើហិង្សាលើប្រពន្ធម្តង កាល១ឆ្នាំមុន និងជាមនុស្សញៀនស្រា ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវប្រពន្ធសម្រេចចិត្តបូជានៅវត្តគោកចកតែម្តង ដោយសារគាត់ពុំមានលទ្ធភាព យកសពប្ដីទៅធ្វើបុណ្យស្រុកកំណើត៕
មតិយោបល់