ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង០០នាទី មានករណីយកកាំបិតចិតបន្លែគំរាមអារ.កសម្លាប់ ព្រោះចង់បានលុយ ដើម្បីទិញថ្នាំញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នៅ ចរិយា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងជនរងគ្រោះ ត្រូវជាប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសង្កាត់កើតហេតុ ។
វត្ថុតាងដែលចាប់យករួមមាន៖ ដែកទីបមូលប្រវែង ៣៣ សង់ទីម៉ែត្រមួយដើម និងកូនកាំបិតចិតបន្លែមួយ។
ដំណើររឿង៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ដោយជនរងគ្រោះ កំពុងតែនៅផ្ទះ ស្ថិតនៅភូមិសង្កាត់កើតហេតុ ពេលនោះជនសង្ស័យ បានសួររកលុយពីជនរងគ្រោះ ហើយជនរងគ្រោះក៏បានឆ្លើយថា មានពីរម៉ឺនរៀល តែជនសង្ស័យបានតបវិញថា ឃើញមានចំនួនដប់ម៉ឺនរៀល ជនសង្ស័យនៅតែសួរជីកឬសជីកគល់រកលុយ។
រហូតដល់វេលាម៉ោង ១១និង២០នាទីថ្ងៃដដែល បានយកកូនកាំបិតចិតបន្លែតូច មកគំរាមអារ.កសម្លាប់ជនរងគ្រោះ រួចយកដែកទីបមូលវ៉ៃ ទៅលើរាងកាយជនរងគ្រោះជាច្រើនកន្លែង ចំផ្ទៃមុខ ដងខ្លួន ដៃជើង ដាច់ជាំគ្រប់កន្លែង ពេលនោះក៏មានបងប្អូនខាងជនសង្ស័យ ចូលមកជួយឃាត់ ។
លុះវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែមានប្រជាពលរដ្ឋជិតខាងរាយការណ៍ជូន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានចុះទៅជួយអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ផ្ទះកើតហេតុ ជនសង្ស័យបានបិទទ្វារផ្ទះពីខាងក្នុង មិនព្រមបើកឲ្យសមត្ថកិច្ចចូល រហូតដល់វេលាម៉ោង ០៨និង០០នាទី ទើបសមត្ថកិច្ចបើកទ្វារផ្ទះចូលបាន រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីចាត់តាមនីតិវិធីច្បាប់។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេត្រូវការយកលុយ ទៅទិញគ្រឿងញៀន ហើយពិតជាបានប្រើហិង្សា ទៅលើជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់