ព័ត៌មានជាតិ

ឌ្រីមសង់ បុកគ្នាជាមួយរ៉ឺម៉កម៉ូតូ រងរបួសបាក់ជើងឆ្វេង

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ទៅបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង កែងស្រះទឹកមុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឃិន ម៉េងជូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រងរបួស បាក់ធ្លាយភ្លៅខាងឆ្វេង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូ ហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-8515 បើកបរល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង ងាយប្រឈមគ្រោះថ្នាក់ ស្របពេលដែលម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកនៅពីខាងមុខបង្អន់ល្បឿន ធ្វើឲ្យយុវជនរងគ្រោះជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកន្ទុយរ៉ឺម៉ក បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរ ។

ករណីនេះ ភ្លាមៗផងដែរ សមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្តែង ដោយភាគីសងខាង ធ្វើការសម្របសម្រួលគ្នា ខាងម៉ូតូសេ១២៥ ដឹងកំហុសខ្លួនឯង បើកលឿនបុកពីក្រោយ និងត្រូវបានភាគីរ៉ឺម៉ក ជួយចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:៕

មតិយោបល់