ព័ត៌មានជាតិ

ចោរចូលគាស់ផ្ទះ សំងំលួចរបស់ ត្រូវ​សមត្ថកិច្ចមកទាន់ ចាប់វាយខ្នោះ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥ និង ១៦នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្សារអគ្គ ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច (មានស្ថានទម្ងន់ទោស) និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។

បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុត ញ៉ាច ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ វេលាម៉ោង ៥និង ១៥នាទីល្ងាច ខ្លួននិងប្រពន្ធ បានជិះរថយន្តទៅហូបបាយនៅផ្ទះមិត្តភក្តិ ចំណែកកូនប្រុសរបស់ខ្លួន បានចេញទៅដើរលេង ហើយចាក់សោទ្វារផ្ទះពីខាងក្រៅ លុះក្រោយមកកូនប្រុសរបស់ខ្លួនបានត្រឡប់មកពីដើរលេងវិញ ក៏បានឃើញផ្ទះមានសភាពខុសប្លែក ដោយសោទ្វារផ្ទះរបើក និងក្នុងផ្ទះបិទភ្លើងងងឹតឈឹង ហើយបានខលប្រាប់ខ្លួន ក្រោយទទួលបានដំណឹង ខ្លួន និងប្រពន្ធបានប្រញាប់មកផ្ទះវិញ ឃើញសភាពបែបនេះ សន្និដ្ឋានថា អាចមានចោរចូលផ្ទះរបស់ខ្លួន ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្របពេលជាមួយគ្នានោះដែរ ។

ក្រោយទទួលបានពាក្យបណ្តឹង និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការដល់កន្លែងកើតហេតុភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលកំពុងធ្វើសកម្មភាពលួចយករបស់មានតម្លៃក្នុងផ្ទះរបស់ជនរងគ្រោះ មានឈ្មោះ ធី ចាវ ភេទ ប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន ៖ ញញួរ ០១ កូនកាំបិត ០៣ដើម និងខ្សែភ្លើងសម្រាប់ទាក់ឡើងរបង និងសរសផ្ទះ មួយចំនួនធំ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ពេលកំពុងធ្វើសកម្មភាពប្រមូលយករបស់មានតម្លៃនៅក្នុងផ្ទះ ក៏ត្រូវសមត្ថកិច្ចចូលមកឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច(មានស្ថានទម្ងន់ទោស) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់