បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ០៩ និង ២១នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ចាំង សុភ័ក្រ នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាលើកុមារ អាយុ ០៣ឆ្នាំ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
បន្ទាប់ពីធ្វើការឃាត់ខ្លួន រួចលោកបញ្ជូនជនសង្ស័យ ទៅជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហួន ម៉េត ភេទស្រី អាយុ ២៨ឆ្នាំ ត្រូវជាម្តាយរបស់កុមាររងគ្រោះឈ្មោះ សឿត សឿង ភេទប្រុស អាយុ ០៣ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុ វេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខ្លួនកំពុងដាំបាយ ចំណែកកូនប្រុស (កុមាររងគ្រោះ) កំពុងអង្គុយលេងនៅក្បែរនោះ មួយសន្ទុះ ក៏ឮសំទ្បេងកូនស្រែកយំយ៉ាងខ្លាំង ពេលងាកទៅមើល បានឃើញជនសង្ស័យ (ត្រូវជាប្អូនបង្កើត) ទាត់កូនរបស់ខ្លួន ០១ជើង បណ្តាលឲ្យដួល ហើយធាក់មកលើមុខជាច្រើនជើងទៀត បណ្តាលឲ្យជាំមុខខាងឆ្វេង ។
ជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ១១ឆ្នាំមកហើយ មិនសូវនិយាយស្តី មានអារម្មណ៍ឆេវឆាវ តែងតែប្រើហិង្សាមកលើមនុស្ស ក្នុងគ្រួសារជាញឹកញាប់។
ក្រោយទទួលបានពាក្យបណ្តឹង និងការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន ហាវ ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យហាក់មានសតិមិនគ្រប់ មិននិយាយស្តីអ្វីទាំងអស់។
ផ្អែកលើការបំភ្លឺរបស់ម្តាយជនរងគ្រោះ និងយោងតាមស្ថានភាពរបស់ជនសង្ស័យ បញ្ជាក់ឲ្យឃើញថា ជនសង្ស័យជាមនុស្សគ្រប់គ្រងសតិខ្លួនមិនបាន អាចប្រព្រឹត្តអំពើផ្សេងៗ ដោយមិនដឹងខ្លួន បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់