ព័ត៌មានជាតិ

យុវជន២នាក់ កែច្នៃអាវុធ ទុកការពារខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៣និង១៦នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនយុវជនចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់
ត្រង់ចំណុចទីតាំងប្រារព្ធសង្រ្កានបន្ទាយមានជ័យ ស្ថិតនៅសួនមានជ័យ ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ក្នុងថ្ងៃប្រារព្ធសង្រ្កានបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដាក់ពង្រាយកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់។ ដោយមានការសង្ស័យកម្លាំង ដែលឈរជើងការពារ តាមគោលដៅធ្វើការឆែកឆេរកាបូបស្ពាយរបស់យុវជនពីរនាក់ខាងលើ បានរកឃើញអាវុធកែច្នៃចំនួន ០២ដើម គឺធ្វើឡើងពីច្រវ៉ាក់ម៉ាស៊ីនអារឈើ ផ្សាភ្ជាប់និងបំពង់ដែកទីបប្រវែង ៤៥សង់ទីម៉ែត្រ ក៏បានឃាត់ខ្លួនយុវជនទាំង ០២នាក់នេះតែម្ដង៖

១/ឈ្មោះ ផន ស៊ីផង់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងចម្លាក់ និង២/ឈ្មោះ រឿង ចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងចម្លាក់ បច្ចុប្បន្ន អ្នកទាំងពីររស់នៅភូមិអន្លង់ថ្ម ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយការឃាត់ខ្លួនអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ ដើម្បីសួរនាំតាមនីតិវិធី លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៍បានបញ្ជាក់ថា៖ ក្រោយសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ យុវជនខាងលើឆ្លើយសារភាពថា ខ្លួនពិតជាបានកែច្នៃឧបករណ៍ផ្សេងៗ ទៅជាអាវុធទុកសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។

ដោយផ្អែកទៅលើការដែលមិនទាន់បានប្រព្រឹត្តបទល្មើស និងដោយទទួលបានការអនុញ្ញាតពី លោកមេបញ្ជាការ ទើបកម្លាំងជំនាញបានធ្វើការអប់រំ ហើយឲ្យអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យា ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសំណូមពរដល់យុវជនគ្រប់ រូបត្រូវជៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ពិសេសការប្រើប្រាស់អាវុធ ឬឧបករណ៍កែច្នៃផ្សេងៗ ព្រោះទង្វើទាំងនេះ គឺផ្ទុយទៅនិងច្បាប់ហាមឃាត់ អាចប្រឈមមុខចំពោះច្បាប់ទៀតផង៕

មតិយោបល់