ភ្នំពេញៈ បុរសម្នាក់ បានទៅលេងប្រពន្ធកូននៅស្រុកកំណើរ រួចក៏ត្រឡប់មកភ្នំពេញវិញដើម្បីធ្វើការ តែជាអកុសលនៅពេល ជិះម៉ូតូមកខាងក្រៅការដ្ឋាន ត្រូវរថយន្តកុងតឺន័របើកកៀរ និងកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុន ក្រេនស្ទារ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ( ផ្លូវវិមានឈ្នះឈ្នះ) ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ល័ក្ខ ភេទប្រុស អាយុហែល២៦ឆ្នាំ មុខរបបកម្មករសិប្បកម្មឈើ មានស្រុកកំណើតនៅភូមិ៣២ ឃុំបុលខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រពន្ធ និងកូនស្រី២នាក់ក្នុងបន្ទុកផងដែរ ។
តាមសម្ដីបុរសម្នាក់ ដែលអះអាងថា ខ្លួនជាមេជាងរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ ទើបតែត្រឡប់មកពីលេងស្រុកកំណើត នៅឯខេត្តកំពង់ចាមបាន១ម៉ោងប៉ុណ្ណោះ ដោយគាត់ក៏បានទាក់ទងទៅប្រពន្ធកូនជនរងគ្រោះថា ជនរងគ្រោះមកដល់ភ្នំពេញហើយ ។
បន្តិចក្រោយមកជនរងគ្រោះ ក៏ខ្ចីលុយមេជាងចំនួន៥$ រួចជិះម៉ូតូចេញក្រៅ មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានគេទាក់ទងថា ម្ចាស់ទូរសព្ទត្រូវរថយន្តកិនស្លាប់បាត់ហើយ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR -2216 ធ្វើដំណើរពីជើងទៅត្បូងតែម្នាក់ឯង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយ ហើយកៀរជនរងគ្រោះឲ្យដួលអូសទាំងម៉ូតូ និងម្ចាស់ប្រហែល១០ម៉ែត្រ និងកិនជនរងគ្រោះចំពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ។
ចំណែករថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ ក៏បានបើកចូលការដ្ឋានក្រុមហ៊ុនរបស់ខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ និងបានធ្វើការស្រាវជ្រាវ រករថយន្តបង្ក និងតៃកុងមកទទួលខុសត្រូវ ចំពោះមុខច្បាប់។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់