ព័ត៌មានជាតិ

លោកស្រី​វរៈសេនីយឯក ប្រាក់ សៅ​នី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ទទួលមរណៈភាព​ដោយ​រោគាពាធ​

​កំពង់ឆ្នាំង​៖​ ​ក្រោយ​ពី​ស្វាមី និង​ក្រុមគ្រួសារ​បាន​យកចិត្តទុកដាក់​ព្យាបាល​ជម្ងឺ​មហារីក​ថ្លើម​ជាង​២​ឆ្នាំ យ៉ាង​អស់​លទ្ធភាព​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស នៅតែ​មិន​ជា​ឡើយ នៅវេលា​ម៉ោង​០១​និង​៤២​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤ លោកស្រី​វរៈសេនីយឯក ប្រាក់ សៅ​នី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ទទួលបន្ទុក​យេនឌ័រ ទទួលមរណៈភាព ក្រោម​ការសោកស្តាយ​អាឡោះអាល័យ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​គ្រួសារ និង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​។​

​ ​លោក​ឧត្តមសេនីយត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា​៖​លោកស្រី ប្រាក់ សៅ​នី កើត​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​១៩៦៩ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ខ្មា ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ស្វាមី​លោកស្រី​គឺ លោក​វរៈសេនីយទោ សំ សិទ្ធី ជា​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង មានកូន​ក្នុង​បន្ទុក​៤​នាក់ ប្រុស​២​ស្រី​២​។​

​ ​ប្រវត្តិ​ការងារ លោកស្រី​បាន​ចូល​បំរើ​ជា​កងកម្លាំង​នគរបាល​ជាតិ​នៅ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​១៩៨៧ មាន​តួនាទី​ជា​គ្រូពេទ្យ​ប្រចាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​។​ដោយ​​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​ជា​បន្តបន្ទាប់ លោកស្រី​បាន ក្លាយ​ជា​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ឆ្នាំ​២០០៥ និង​ត្រូវបាន​​ទទួល​តំណែង​ជា​ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​យេនឌ័រ ក្នុង​ខែ​មិនា ឆ្នាំ​២០១១​។​នៅក្នុង​ការបំពេញ​ភារកិច្ច​ជាង​២៧​ឆ្នាំកន្លងមក លោកស្រី​ទទួលបាន​មេដាយ​ការពារ​ជាតិ​​ចំនួន​៣​គឺ មេដាយមាស​១ មេដាយប្រាក់​១ មេដាយ​សំរិត​១ និង​ទទួលបាន​មេដាយមាស​ការងារ​ចំនួន​២​គ្រឿង ព្រមទាំង​ទទួលបាន​បណ្ណ័សរសើរ​មួយចំនួ​ន​ផងដែរ ។​

​ ​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ លោក ឈួ​រ ចន្ទ័​ឌឿ​ន អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត លោក​មេបញ្ជាការកងកម្លាំងប្រដាប់អាវុ​ធ​ទាំងអស់ និង​មន្ត្រីរាជការ​គ្រប់​អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​រំលែក​មរណៈទុក្ខ​និង​គោ​​រព​វិញ្ញាណ​ខ​ន្ធ័​លោកស្រី នៅ​គេហដ្ឋាន​សព​ក្នុង​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​ ​លោក​វរៈសេនីយទោ សំ សិទ្ធី ជា​ស្វាមី​សព​បាន​អោយដឹងថាៈ ពិធី​បុណ្យ​សព​នឹង​​ប្រា​រព​ធ្វើ​ចំនួន​៤​ថ្ងៃ ពី​ថ្ងៃ​ទី​២១ ដល់​២៤ ខែ​មេសា ហើយ​ត្រូវ​ធ្វើ​ពិធី​បូជាសព​នៅ​ថ្ងៃទី​២៤​ខែ​មេសា វេលា​ម៉ោង​៧​យប់ នៅលើ​ព្រះមេរុ ក្នុង​លំនៅដ្ឋាន​របស់​សព​។ ក្រុមគ្រួសារ​សព​ក៏​សូម​គោរព​អញ្ជើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​របស់​សព មេត្តា​ចូលរួម​ក្នុង​ពិធីបុណ្យ​តាម​កម្មវិធី​ខាងលើ​ដោយ​មេត្រីភាព​តាម​ការ​គួរ សូម​អរគុណ​៕
2014-04-22_143221

មតិយោបល់