ភ្នំពេញៈ បុរសម្នាក់ បានបោកក្បាលស្លាប់មួយរំពេច ខណៈជិះម៉ូតូយ៉ាងលឿន ទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែម កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាល ជាមួយបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងតែម្ដង ។
ភ្លាមៗនោះ ក៏មានជនសង្ស័យមួយក្រុម បានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួកយកទូរសព្ទ និងកាបូបលុយ ចេញទៅបាត់ដោយមិនមានរបស់អ្វី សម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះទេ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយទាក់ទង ទៅមន្ត្រីជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយ ដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕
មតិយោបល់