ព័ត៌មានជាតិ

Update៖ រថយន្តបត់ឆ្វេងមិនស៊ីញ៉ូ ម៉ូតូទៅត្រង់ជាន់ហ្វ្រាងដួល កៀបជាប់កង់រថយន្តស្លាប់

ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូឌុក និងរថយន្តតាកូម៉ា ខណៈរថយន្តបត់ឆ្វេង មិនបានស៊ីញ៉ូម៉ូតូ ទៅត្រង់ជាន់ហ្វ្រាងអូសដួល កៀបជាប់កង់រថយន្តស្លាប់ កាលពីវេលាម៉ោង ៨និង៥នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចទល់មុខគូបូតាភ្នំពញ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2R 5408 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូន។

ម៉ូតូរងគ្រោះ ម៉ាកឌុក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FS 3353 បើកដោយឈ្មោះខន ចំរើន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត និងម៉ូតូបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦អាទិសដៅពីជើងទៅត្បូង ដោយរថយន្តបើកមុខ ម៉ូតូបើកក្រោយ លុះមកដល់ចំណុចកើត រថយន្តបត់ឆ្វេងបំណងឆ្លងផ្លូវ ដោយមិនបានស៊ីញ៉ូ ធ្វើឲ្យម៉ូតូបើកខាងឆ្វេងពីក្រោយ ជាន់ហ្វ្រាងដួលអូសទៅកៀបជាប់កង់រថយន្ត ត្រូវបានប្រជាពលរដ្ឋនាំគ្នាលើកចេញពីរថយន្ត បានប្រហែលជាងកន្លះម៉ោងក្រោយមក ជនរងគ្រោះបានស្លាប់។

ចំណែកបុរសអ្នកបើករថយន្ត ក្រោយកើតហេតុ បាននៅជួយមើលជនរងគ្រោះ តែដោយស្ថានភាពជនរងគ្រោះកាន់ធ្ងន់ទៅៗ ក៏សម្រេចគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមច្បាប់ពេលក្រោយ រីឯសពត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់