ភ្នំពេញៈ នៅវេលាម៉ោង០៧និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគំរាមប្លន់យកម៉ូតូ ត្រង់ចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១ឈ្មោះ ជា ស្រីណាល់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់កំរាលព្រំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អ៊ុ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២០E1 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖
– ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007 មានលេខតួ និងលេខម៉ាស៊ីន9739974 ចំនួន០១គ្រឿង
– ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-2061 មានលេខតួ និងលេខម៉ាស៊ីន9634729 ចំនួន០១គ្រឿង
– ស្បែកជើងពណ៌ឈាមជ្រូកចំនួន០១ចំហៀង។
ដំណើររឿង៖ កាលពីវេលាម៉ោង០៧និង២៥នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីឈ្មោះ សុខ សុខុន ភេទប្រុស អាយុ៥៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-2061 ឌុបគ្នា ចេញពីផ្ទះ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅលក់កំរាលព្រំ នៅផ្សារបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពេលជិះតាមផ្លូវបេតុងបានចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកំរៀងខាងលើ ស្រាប់តែជួបជនសង្ស័យឈ្មោះ អ៊ុ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ កំពុងឈរនៅលើផ្លូវបេតុង ហើយក៏បានដោះស្បែកជើងផ្ទាត់ ពណ៌ឈាមជ្រូក គប់ត្រូវភ្នែកខាងឆ្វេងរបស់ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ ដែលកំពុងជិះម៉ូតូជាមួយប្តី បណ្តាលឲ្យជាំភ្នែកខាងឆ្វេង ។
បន្ទាប់មកឈ្មោះ សុខ សុខុន (ប្តីរបស់ជនរងគ្រោះ) បានឈប់ម៉ូតូស្រែក ឲ្យប្រជាពលរដ្ឋជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនទៅទិសខាងកើត ដល់ចំណុចមុខការដ្ឋានសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិកំរៀងដូចគ្នា ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ ក៏បានជួបជនរងគ្រោះម្នាក់ទៀត ឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007 ម្នាក់ឯងពីលិចទៅកើត ជនសង្ស័យក៏បានស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ យឹម វណ្ណា ដោយចាប់ដៃម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួល រួចស្រែកសំឡុតគំរាមជនរងគ្រោះ ឲ្យចេញឆ្ងាយពីរូបគេ។
បន្ទាប់មកជនសង្ស័យ ក៏បានលើកម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឹម វណ្ណា ជិះគេចខ្លួនទៅទិសខាងកើត ហើយជនរងគ្រោះ ក៏បានស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ ភ្លាមនោះកម្លាំងសមត្ថកិច្ច ដែលកំពុងតែជិះម៉ូតូល្បាត ក៏ជួយអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងភស្តុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព វ៉ៃយកម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់ខាងលើ ប្រាកដមែន ហើយជនរងគ្រោះទាំង០២នាក់ ក៏បានមកដាក់ពាក្យ បណ្តឹងចំពោះឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់